កូឡាឡាំពួរ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១០០នាក់ បានរត់គេចខ្លួនចេញពីមណ្ឌលឃុំឃាំងមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពីមានកុបកម្ម បានផ្ទុះឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបុរសម្នាក់ បានស្លាប់ បន្ទាប់ពីត្រូវរថយន្តបុក នៅលើផ្លូវហាយវេស៍ ខណៈដែលគាត់រត់គេចខ្លួន ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះ ជាការផ្ទុះឡើងជាលើកទី២ដែលត្រូវបានគេរាយការណ៍ ចេញពីមជ្ឈមណ្ឌលឃុំឃាំងម៉ាឡេស៊ី ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ ។
នៅក្នុងខែមេសា ឆ្នាំ២០២២ ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន៥៨២នាក់ដែលមកពីប្រទេសមីយ៉ាន់ម៉ា បានរត់គេចពី ក្រុមអន្តោប្រវេសន៍មួយ នៅក្នុងរដ្ឋ Kedah ដែលស្ថិតនៅភាគខាងជើង។ ជនចំណាកស្រុកទាំង៦នាក់ត្រូវបានសម្លាប់បន្ទាប់ពីត្រូវរថយន្តបុក នៅលើផ្លូវហាយវ៉េស៍ ។
លោក Ruslin Jusoh អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជនចំណាកស្រុក សរុបចំនួន១៣១នាក់បានរត់គេចខ្លួនចេញពីមន្ទីរឃុំឃាំង អន្តោប្រវេសន៍ Bidor ក្នុងរដ្ឋ Perak ដែលស្ថិតនៅភាគខាងលិច របស់ប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
លោកបានបញ្ជាក់ថា ជនចំណាកស្រុកម្នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយលោកបានលើកឡើងទៀតថា ប្រតិបត្តិការស្វែងរក កំពុងបន្តសម្រាប់ជនភៀសខ្លួន ដែលនៅសេសសល់ ៕ ដោយ៖ ម៉ៅ បុប្ផាមករា