បាដាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា រដ្ឋាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងកាលពី ថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើកងកម្លាំងប៉ារ៉ា Hashd Shaabi នៅភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្ស១៦នាក់ ក្នុងនោះរួមមាន ជនស៊ីវិល និងបង្កឲ្យមានអ្នករងរបួសផ្សេងទៀតចំនួន២៥នាក់ ។
លោក Basim al-Awadi អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ាក់ (INA)ថា “រដ្ឋបាលអាមេរិក បង្កឲ្យមានអំពើហិង្សដល់អធិបតេយ្យភាពអ៊ីរ៉ាក់ នៅគ្រាដែលយន្តហោះរបស់ខ្លួន បានបើកការវាយប្រហារតាមផ្លូវអាកាសមកលើទីតាំងជាច្រើននៃកងកម្លាំងសន្តិសុខរបស់យើង នៅតំបន់ Akasha និង al-Qaim រួមទាំង ទីតាំងជនស៊ីវិលដែលនៅជិតខាងជាច្រើនទៀត” ។ ដោយហៅការវាយប្រហារតាមផ្លូវអាកាសនេះថា “ការឈ្លានពានដោយបើកចំហ” ។
យោងតាមទីភ្នាក់ងារ INA បានឲ្យដឹងថា លោក Al-Awadi ក៏បានបដិសេធទៅលើរបាយការណ៍ជាច្រើនដែលបានអះអាង មានការសម្របសម្រួលរវាងរដ្ឋាភិបាល និងរដ្ឋបាលសហរដ្ឋអាមេរិក អំពីការវាយប្រហារតាមផ្លូវអាកាសនេះ ដោយបានសង្កត់ធ្ងន់ថា របាយការណ៍ទាំងនេះ គឺ”ជាការអះអាងខុសស្រឡះ ដោយមានចេតនាបំភ្លៃការពិត ដល់មតិសាធារណៈនិងប្រាសចាកពីការទទួលខុសត្រូវផ្លូវច្បាប់សម្រាប់បទឧក្រិដ្ឋនេះ” ។
គាត់ក៏បានលើកឡើងថា រដ្ឋាភិបាលជឿជាក់ថា វត្តមានកងកម្លាំងចម្រុះអន្តរជាតិនៅលើទឹកដីអ៊ីរ៉ាក់ បានក្លាយជាការគំរាម កំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងភស្តុតាងពាក់ព័ន្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ នៅក្នុងតំបន់ និងជម្លោះ អន្តរជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា