ព័ត៌មានអន្តរជាតិ

សភាអាមេរិក ស្វែងរកថវិការហូតដល់ ១៧,៦ពាន់លានដុល្លារ សម្រាប់ជួយអ៊ីស្រាអែល ប៉ុនែ្តគ្មានសម្រាប់អ៊ុយក្រែន និងកោះតៃវ៉ាន់

រូបភាព៖ VOA

បរទេស៖ ច្បាប់ផ្តល់ជំនួយយោធាថ្មី ចំនួន ១៧,៦ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ខណៈដែលវាធ្វើសង្រ្គាមប្រឆាំងនឹង ក្រុមហាម៉ាស ត្រូវបានបង្ហាញកាលពីថ្ងៃសៅរ៍ នៅក្នុងសភាតំណាងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានសភាអាមេរិក លោក Mike Johnson បាននិយាយនៅក្នុងលិខិតមួយ ទៅកាន់សមាជិកសមាជិកាថា លិខិតស្នើផ្តល់មូលនិធិ អាចមកបោះឆ្នោត នៅក្នុងសភានៅសប្តាហ៍ក្រោយ។

សភាដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ កាលពីមុនបានយល់ព្រម លើជំនួយយោធាថ្មីចំនួន ១៤,៣ពាន់លានដុល្លារដល់អ៊ីស្រាអែល ប៉ុន្តែជាមួយនឹងតម្រូវការ ដែលវាត្រូវចំណាយដោយយកមកវិញនូវប្រាក់មួយចំនួន ដែលបានកំណត់គោលដៅ សម្រាប់សេវាកម្មចំណូលផ្ទៃក្នុង របស់សហរដ្ឋអាមេរិក។

ចំណែកព្រឹទ្ធសភាដែលគ្រប់គ្រងដោយ បក្សប្រជាធិបតេយ្យ បានច្រានចោលចំពោះការផ្តល់នោះ ហើយត្រូវបានគេរំពឹងថា នឹងបង្ហាញកញ្ចប់នីតិបញ្ញត្តិដែលនឹងផ្តល់ជំនួយដល់អ៊ីស្រាអែល ក៏ដូចជាផ្តល់ជំនួយផ្នែកយោធាបន្ថែមទៀត សម្រាប់អ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

លិខិតស្នើច្បាប់ ព្រឹទ្ធសភាដដែលនេះ ត្រូវបានគេរំពឹងថានឹងមានសំណើ ទៅលើការពង្រឹងសន្តិសុខ នៅតាមព្រំដែនភាគខាងត្បូង សហរដ្ឋអាមេរិក ជាមួយម៉ិកស៊ិក។

យោងតាមគណៈកម្មាធិការត្រួតពិនិត្យរបស់សភា, ទឹកប្រាក់ចំនួន ១៧,៦ ពាន់លានដុល្លារនឹងរួមបញ្ចូលមូលនិធិដើម្បីជួយបំពេញបន្ថែមប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែល ទិញប្រព័ន្ធអាវុធទំនើបបន្ថែម និងផលិតកាំភ្លើងធំ និងគ្រាប់បែកផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top