បរទេស៖ ការវាយប្រហារសងសឹក យោធារបស់សហរដ្ឋអាមេរិក ទៅលើកងកម្លាំងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ ទាំងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់កាលពីព្រឹកថ្ងៃសៅរ៍ បានជំរុញឱ្យមានការថ្កោលទោស ពីរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ាក់ ព្រមទាំងប្រទេសមួយចំនួន ដែលជាសម្ព័ន្ធមិត្ត របស់ទាំងក្រុងដាម៉ាស និងក្រុងបាកដាដ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal al-Miqdad បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់អាមេរិក គឺនឹងបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់។ ទូរទស្សន៍រដ្ឋស៊ីរីបានដកស្រង់សម្តីក្រសួងការពារជាតិស៊ីរី ដែលបានអះអាងថា សហរដ្ឋអាមេរិក “វាយប្រហារកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលកំពុងប្រយុទ្ធជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាម” ដោយចោទថា សហរដ្ឋអាមេរិកកំពុងព្យាយាមជួយភេរវករ “ប្រមូលផ្តុំឡើងវិញ” ។
លោក Rami Abdul Rahman ជាមួយក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានកំណត់គោលដៅទៅលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់ និងកងកម្លាំងរដ្ឋាភិបាលស៊ីរី តាមបណ្តោយព្រំដែនជាមួយអ៊ីរ៉ាក់ ក្នុងតំបន់រវាង al-Bukamal និង Deir el-Zour ។ ទៅកាន់ប៉ុស្តិ៍ព្រំដែនអ៊ីរ៉ាក់ អាល់កៃអ៊ីម។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានប្រកាសរយៈពេលជាផ្លូវការ នៃការកាន់ទុក្ខចំពោះជនរងគ្រោះនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីស្នាក់ការកណ្តាលកងជីវពល Hashd al-Shaabi ដែលគាំទ្រដោយអ៊ីរ៉ង់នៅ al Qaim និងទីប្រជុំជន Al Kashat ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ គឺយ៉ាងហោចណាស់មនុស្ស ១៨នាក់បានស្លាប់។ Hashd ក៏បានអះអាងថាបានវាយប្រហារមូលដ្ឋានទ័ពអាមេរិក al Harir ក្នុងរដ្ឋធានី Irbil របស់ Kurdistan ដែលនោះមិនត្រូវបានបញ្ជាក់ទេ៕
ប្រែសម្រួលៈ ណៃ តុលា