បេកាំង៖ ចិន ត្រូវបានគេព្យាករណ៍ថា នឹងបាញ់បង្ហោះផ្កាយរណបសាកល្បង ពីរចូលទៅក្នុងគន្លងតារាវិថី ដើម្បីបង្កើតទំនាក់ទំនងរវាង ព្រះច័ន្ទនិងផែនដី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ផ្កាយរណបភ្លោះមានទម្ងន់ ៦១ គីឡូក្រាម និង ១៥គីឡូក្រាមរៀងៗ ខ្លួននឹងហោះហើរនៅក្នុងគន្លងជុំវិញព្រះច័ន្ទ ដើម្បីធ្វើសុពលភាពបច្ចេកវិទ្យាថ្មីៗ រួមទាំងការក្រិតតាមខ្នាតរុករក និងការបញ្ជូនសញ្ញា ដែលមានភាពជឿជាក់ខ្ពស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ផ្កាយរណបនឹងត្រូវបានលើក ទៅកាន់គន្លងផ្ទេរផែនដី-ព្រះច័ន្ទ រួមជាមួយនឹងផ្កាយរណប Queqiao-2 ដែលជាផ្កាយរណបបញ្ជូនបន្ត សម្រាប់ទំនាក់ទំនង រវាងផ្នែកឆ្ងាយ នៃព្រះច័ន្ទ និងផែនដី។ បន្ទាប់មក ផ្កាយរណបទាំងពីរនឹងឆ្លង កាត់នៅជិតព្រះច័ន្ទ ហើយចូលទៅក្នុង គន្លងរបស់ព្រះច័ន្ទ រាងអេលីប។
ផ្កាយរណប Queqiao-2 ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆមាសទីមួយនៃឆ្នាំនេះ នឹងបម្រើជាវេទិកាបញ្ជូនត សម្រាប់ដំណាក់កាលទី៤ នៃកម្មវិធីរុករកតាមច័ន្ទគតិរបស់ប្រទេសចិន ដោយផ្តល់សេវាកម្មទំនាក់ទំនង សម្រាប់បេសកកម្មផ្កាយរណប Chang’e-4, Chang’e-6, Chang’e -7 និង Chang’e-8 ៕
ប្រែសម្រួល ឈូក បូរ៉ា