បរទេស៖ នាវា USS Somerset និង USS Miguel Keith របស់កងទ័ពជើងទឹកអាមេរិក ដែលមានបុគ្គលិកយោធាជាង ៤.០០០នាក់ នឹងត្រូវដាក់ពង្រាយកំឡុងពេលសមយុទ្ធ Cobra Gold 2024 ដែលជាសមយុទ្ធយោធារួមគ្នា ដែលនឹងធ្វើឡើងនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ៨ ខែមីនា។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ Thitichai Tiantong នាយសេនាធិការចម្រុះនៃកងទ័ពភូមិន្ទថៃ បាននិយាយនៅក្នុងសន្និសីទខ្លីមួយ សម្រាប់ព្រឹត្តិការណ៍នេះថា កងទ័ពសហរដ្ឋអាមេរិកនឹងស្ថិតក្នុង ចំណោមទាហានចំនួន ៩.៥៩០ នាក់មកពី ៣០ ប្រទេសដែលចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំ។
លោកវីរៈសេនីយ៍ Kurtis A Leffler ប្រធានក្រុមប្រឹក្សាយោធារួមសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀត លើសមយុទ្ធទឹកសមុទ្រនៅឆ្នាំនេះ។
សមយុទ្ធនៅឆ្នាំនេះនឹងឃើញ ប្រទេសចំនួនប្រាំពីរចូលរួមនៅក្នុងផ្នែកស្នូលទាំងអស់ ពេញមួយរយៈពេល។ ប្រទាំងទាំង៧នោះ រួមមាន ថៃ អាមេរិក សិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ ប្រទេសចិន និងឥណ្ឌា នឹងចូលរួម តែនៅក្នុងវគ្គបណ្តុះបណ្តាលជំនួយពលរដ្ឋមនុស្សធម៌ ចំណែកអូស្ត្រាលីនឹងចូលរួមតែនៅក្នុង សមយុទ្ធបញ្ជាការដ្ឋានប៉ុណ្ណោះ ៕
ប្រែសម្រួលៈ ណៃ តុលា