ព័ត៌មានអន្តរជាតិ

Update៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន៤១នាក់ ត្រូវបានឃាត់ខ្លួនដោយប៉ូលិសម៉ាឡេស៊ី ក្រោយពីការរត់គេច

AFP

កូឡាឡាំពួរ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា នៅថ្ងៃអាទិត្យនេះ មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបបានលើកឡើងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលហត់នឿយ និងស្រេកឃ្លានជាង៤០នាក់ ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់បានមកវិញហើយ ក្រោយពីមានការលួចរត់គេចខ្លួន ចេញពីមជ្ឈមណ្ឌលឃុំឃាំងដោយ ជនចំណាកស្រុកចំនួន១៣១ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ។

កាលពីថ្ងៃព្រហស្បតិ៍ ជនចំណាកស្រុករ៉ូហ៊ីងយ៉ាសរុបចំនួន ១១៥នាក់ និង១៦នាក់ផ្សេងទៀត ដែលសុទ្ធតែជាបុរសនោះបានធ្វើកុបកម្ម នៅក្នុងអគារឃុំឃាំងរបស់ពួកគេ នៅមុនពេលរត់ចេញពីមជ្ឈមណ្ឌល អន្តោប្រវេសន៍បណ្តោះអាសន្ន Bidor ដែលស្ថិតនៅភាគខាងជើងនៃរដ្ឋ Perak ។

ជនជាតិរ៉ូហ៊ីងយ៉ា ជួបប្រទះនឹងការធ្វើទុក្ខបុកម្នេញ នៅក្នុងទឹកដីកំណើតនៃពុទ្ធសាសនិក របស់ពួកគេក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានមនុស្សជាច្រើននាក់ បានភៀសខ្លួនទៅកាន់ប្រទេសអ្នកមាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ភាគច្រើនជា ម៉ូស្លីមម៉ាឡេស៊ី ឬទៅកាន់ជំរុំជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដេស ។

ជារឿយៗពួកគេស៊ូទ្រាំនឹងការធ្វើដំណើរតាមផ្លូវសមុទ្រ ដោយប្រើពេលជាច្រើនខែដើម្បី ទៅដល់ប្រទេសម៉ាឡេស៊ី តាមទូក ឬលួចចូលទៅក្នុងប្រទេស តាមព្រំដែនជាមួយនឹងប្រទេសថៃឡង់ដ៏ ។

ប្រសិនបើចាប់បាន ជាធម្មតា ពួកគេត្រូវបានបញ្ជូនទៅមណ្ឌលឃុំឃាំង ដែលក្រុមសិទ្ធិមនុស្សបានលើកឡើងថា ជាធម្មតាមានមនុស្សកកកុញ និងកខ្វក់ខ្លាំងណាស់ ។

បុរសជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលគាត់ព្យាយាមឆ្លងកាត់ ផ្លូវហាយវេស៏ក្នុងភាពងងឹត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top