បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា សហរដ្ឋអាមេរិក បានធ្វើឱ្យមានការភាន់ច្រឡំ ដ៏ធំមួយ ដោយវាយប្រហារ គោលដៅ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ព្រោះវានឹងធ្វើឱ្យភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងតំបន់ដែលមានភាព ច្របូកច្របល់រួចទៅហើយ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ លោក Kanaani បានថ្កោលទោសការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើក្រុមជីវពល នៅក្នុងប្រទេសទាំងពីរ ។
មន្ត្រីអាមេរិកបាននិយាយថា ការវាយប្រហារនេះ សំដៅលើក្រុមដែលមានទំនាក់ទំនង ជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) Quds Force ដែលជាអង្គភាពសម្ងាត់ពិសេស ដែលមានឯកទេសក្នុងប្រតិបត្តិការបរទេស ហើយបានឆ្លើយតប ទៅនឹង ការវាយប្រហារ មុនលើប៉ុស្តិ៍យោធាអាមេរិក ក្នុងប្រទេសហ្ស៊កដានី ដែលបានបន្សល់ទុកសមាជិក សេវាកម្មបីនាក់ស្លាប់ និងរាប់សិបនាក់រងរបួស ។
អ្នកនាំពាក្យ របស់ក្រសួងបានទទូចថា ទីក្រុងវ៉ាស៊ីនតោន បានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយហៅការសម្រេចចិត្តនេះថា ការផ្សងព្រេង និង កំហុសជាយុទ្ធសាស្ត្រ មួយផ្សេងទៀតរបស់រដ្ឋាភិបាលអាមេរិក ដែលនឹងមិនមានលទ្ធផល អ្វីក្រៅពីការកើនឡើង នៃភាពតានតឹង និងអស្ថិរភាព នៅក្នុងតំបន់នោះជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី