ព័ត៌មានអន្តរជាតិ

វៀតណាម ៖ បុរសម្នាក់កាន់កាំបិត ចូលប្លន់លុយ នៅធនាគារបាន ១.៩០០ដុល្លារ ដោយសារចាញ់ល្បែងអនឡាញ

VN Express

បរទេស៖ ប៉ូលិសនៅភាគកណ្តាល ប្រទេសវៀតណាម បានចាប់ខ្លួនបុរសម្នាក់ ពីបទប្លន់បានលុយចំនួន ៤៦ លានដុង ស្មើនឹង ១.៩០០ ដុល្លារអាមេរិក ពីសាខាធនាគារ Vietinbank ដើម្បីសងបំណុលល្បែង មុនចូលឆ្នាំថ្មី ដោយសារតែបានជំពាក់បំណុល មនុស្សជាច្រើនដោយសារតែល្បែងអនឡាញ ហើយមិនអាចសងពួកគេបានទេ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យថា ឈ្មោះ Dinh Khuong Linh អាយុ ៣៨ ឆ្នាំជាអ្នករស់នៅទីក្រុង Vinh ក្នុងខេត្ត Nghe An កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិ។

Linh បានសារភាពថា ខ្លួនបានយកកាំបិត ហើយបានចូលទៅក្នុង ការិយាល័យសាខាធនាគារ Vietinbank ក្នុងទីក្រុង Cua Lo Town ដើម្បីប្រព្រឹត្តអំពើប្លន់នេះ។ គាត់ថាគាត់មានបំណងលួចលុយ ដើម្បីសងបំណុលល្បែង។

ហេតុការណ៍នេះ គឺបានកើតឡើងប្រហែលម៉ោង ៤ រសៀល កាលពីថ្ងៃទី១ ខែកុម្ភៈ នៅពេលដែលឈ្មោះ Linh ពាក់ម៉ាស និងអាវធំ និងកាន់កាំបិត បានចូលទៅក្នុងធនាគារ ហើយស្រែកថា “អ្នកទាំងអស់គ្នា នៅឱ្យស្ងៀម” មុនពេលគំរាមបុគ្គលិក និងទាមទារឱ្យពួកគេប្រគល់ប្រាក់។

នៅពេលនោះមានមនុស្សនៅក្នុងធនាគារប្រហែល២០នាក់ រួមទាំងអតិថិជន និងបុគ្គលិក។ ពេលនោះឈ្មោះ Linh បានលោតពីលើតុ លួចលុយចំនួន៤៦លានដុង រួចជិះម៉ូតូគេចខ្លួនបាត់។

បុគ្គលិកធនាគារ និងសន្តិសុខ បានដេញតាមគាត់ ប៉ុន្តែបានរត់គេចពីក្រោយប៉ុន្មានរយម៉ែត្រ។ បន្ទាប់មកកម្លាំងប៉ូលិសមូលដ្ឋាន ត្រូវបានចល័តដើម្បីបិទផ្លូវទាំងអស់ និងដេញតាមជនសង្ស័យ។ លុះនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ប៉ូលិសតាមចាប់ជននេះលាក់ខ្លួននៅក្បែរផ្លូវជាតិលេខ១ ហើយបានបញ្ចប់ការចាប់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top