ព័ត៌មានអន្តរជាតិ

Update៖ ស្លាប់ និងរបួសជិត១០០នាក់ នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក ចេញពីរោងចក្រ ផលិតកាំជ្រួចមួយកន្លែង នៅឥណ្ឌា

រូបភាព៖ Afp

ញ៉ូដេលី៖ យ៉ាងហោចណាស់ មនុស្ស៨នាក់ បានស្លាប់ និង៨០នាក់បានរងរបួស នៅថ្ងៃអង្គារនេះ នៅក្នុងការផ្ទុះដ៏ធំមួយ នៅរោងចក្រផលិតកាំជ្រួចមួយកន្លែង ក្នុងប្រទេសឥណ្ឌា ដែលឃើញដុំភ្លើងឆេះឡើងទៅលើមេឃ ។
ខ្សែវីដេអូនៅលើទូរទស្សន៍ឥណ្ឌា បានបង្ហាញពីអណ្តាតភ្លើង បន្ទាប់ពីការផ្ទុះនៅរោងចក្រផលិតកាំជ្រួច ដោយមានរថយន្តសង្គ្រោះរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅ និងឧទ្ធម្ភាគចក្រកងទ័ព បានហៅចូលដើម្បីជម្លៀសអ្នករបួស ។

មន្ត្រីប៉ូលិសជាន់ខ្ពស់ស្រុក Rajeshwari Mahobia បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា គិតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន៨នាក់ និងប្រហែល៨០នាក់រងរបួស នៅក្នុងរោងចក្រក្នុងទីក្រុង Harda ក្នុងរដ្ឋ Madhya Pradesh ដោយបានបន្ថែមថា “ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង” ។

លោក Mohan Yadav នាយករដ្ឋមន្ដ្រី Madhya Pradesh បានថ្លែងថា របាយការណ៍នៃការផ្ទុះនេះគឺជា “ដំណឹងដ៏ក្រៀមក្រំបំផុត” ហើយបានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅអង្គភាពដែលឆេះនៅក្នុងមន្ទីរពេទ្យធំៗនៅក្បែរនោះ ត្រូវបានស្នើសុំឱ្យ “រៀបចំជាចាំបាច់” ។

លោក Yadav បានឲ្យដឹងនៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គម X ដែលពីមុនជាបណ្តាញសង្គម Twitter ថា “រថយន្តសង្គ្រោះកំពុងត្រូវបានប្រញាប់ប្រញាល់ទៅកាន់ Harda ពីតំបន់ជុំវិញនោះ ហើយកងទ័ពត្រូវបានទាក់ទង ដើម្បីរៀបចំសម្រាប់ឧទ្ធម្ភាគចក្រ” ។

លោកបានថ្លែងទៀតថា យ៉ាងហោចណាស់ មានរថយន្តសង្គ្រោះ ចំនួន២០គ្រឿង នៅនឹងកន្លែង ហើយ៥០នាក់ទៀតត្រូវបានបញ្ជូនទៅជួយអ្នករងរបួស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top