ព័ត៌មានអន្តរជាតិ

អាហ្សង់ទីន នឹងរៀបចំស្ថានទូតរបស់ខ្លួន ទៅក្នុងប្រទេសអ៊ីស្រាអែល

រូបភាពពី៖​ AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាហ្សង់ទីនJavier Milei បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Buenos Aires គ្រោងផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងយេរូសាឡឹម ដែលវាបានធ្វើឲ្យក្រុមហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សាបានបរិហារទង្វើនេះ។

លោកMilei ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្បែរទីក្រុង Tel Aviv ដោយរដ្ឋមន្ត្រីការបរទេស Israel Katz ហើយគាត់បានបន្តទៅក្រុងយេរូសាឡឹម ដើម្បីអធិស្ឋាននៅជញ្ជាំងខាងលិច ដែលជាកន្លែងពិសិដ្ឋសម្រាប់ជនជាតិយូដាដែលជឿថាជាផ្នែកចុងក្រោយនៃព្រះវិហារទីពីរ។

រូបភាពដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញលោក Milei ស្រក់ទឹកភ្នែក និងឈរឱបលោក Rabbi Axel Wahnish ដែលត្រូវបានគេរំពឹងទុកថាគាត់នឹងក្លាយទៅជាអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំប្រទេសអ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក្តីក្រុមហាម៉ាស់ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សាបានចេញសេចក្តីថ្លែងការណ៍មួយដោយពណ៌នាអំពីចំណាត់ការរបស់លោក Milei ថាជា ៖ការរំលោភសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនរបស់យើងចំពោះទឹកដីរបស់ពួកគេ និងការរំលោភលើច្បាប់អន្តរជាតិដោយចាត់ទុកទីក្រុងយេរូសាឡឹមនៅលើទឹកដីដែលប៉ាឡេស្ទីនកាន់កាប់៕ ប្រែសម្រួល៖ស៊ុនលី

To Top