ដូហា៖ នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានឲ្យដឹងថា ប្រទេសកាតា បានទទួល “ការឆ្លើយតបជាវិជ្ជមាន” ពីក្រុមហាម៉ាស លើសំណើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា សម្រាប់ចំណាប់ខ្មាំង។
លោកបានថ្លែងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មានរួមជាមួយនឹងការធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទាក់ទងនឹងការឆ្លើយតបរបស់ក្រុមហាម៉ាស នាយករដ្ឋមន្ត្រីកាតាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ លោក Blinken ក៏បានបញ្ជាក់ផងដែរថា ក្រុមមន្ត្រីបានទទួលការឆ្លើយតបពីក្រុមហាម៉ាស ហើយលោកនឹងពិភាក្សាវាជាមួយមេដឹកនាំអ៊ីស្រាអែល ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ។
លោក Blinken បានលើកឡើងថា “នៅមានការងារជាច្រើនដែលត្រូវធ្វើ” ដោយបន្ថែមថា លោកជឿថាកិច្ចព្រមព្រៀងមួយអាចធ្វើទៅបាន។
លោក Blinken គឺជាដំណើរទេសចរណ៍លើកទី៥ របស់លោកទៅកាន់មជ្ឈិមបូព៌ាចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងក្រុមហាម៉ាស-អ៊ីស្រាអែល ក្នុងខែតុលាឆ្នាំមុន។
ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ទីក្រុងដូហា បានធ្វើតាមការឈប់សម្រាកក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃចន្ទ និងអេហ្ស៊ីបនៅព្រឹកថ្ងៃអង្គារ។
លោកក៏ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល និងតំបន់វេសបែង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ដែលនឹងបញ្ចប់នៅថ្ងៃទី០៨ ខែកុម្ភៈ៕ ប្រែសម្រួល ឈូក បូរ៉ា