បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត នឹងមិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយអ៊ីស្រាអែលទេ រហូតទាល់តែខ្លួនទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងបញ្ឈប់ការឈ្លានពាន របស់ខ្លួនប្រឆាំងនឹងហ្គាហ្សា ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ក្រសួងបានបង្ហាញថា ខ្លួនបានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ៖នឹងមិនមានទំនាក់ទំនងការទូត ជាមួយអ៊ីស្រាអែលទេ លុះត្រាណាតែរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយត្រូវបានទទួលស្គាល់នៅលើព្រំដែន ឆ្នាំ១៩៦៧ ជាមួយក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ហើយថាការឈ្លានពានរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាត្រូវតែបញ្ចប់ និងដកចេញពីហ្កាហ្សាស្ទ្រីប។
ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក៏បានអំពាវនាវសាជាថ្មី ដល់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដើម្បីពន្លឿន ដំណើរការនេះក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយក្រសួងបានបន្តដោយប្រកាសថា នេះនឹងជួយធានាថា សន្តិភាពពេញលេញ និងយុត្តិធម៌ត្រូវបានសម្រេចសម្រាប់ទាំងអស់គ្នា។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់អារ៉ាប៊ីសាអូឌីត បានកើតឡើងមួយថ្ងៃបន្ទាប់ពីអ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថាកិច្ចពិភាក្សា ស្តីពីកិច្ចព្រមព្រៀងធម្មតារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលកំពុង បន្ត ហើយថាសហរដ្ឋអាមេរិកបានទទួល ការឆ្លើយតបជាវិជ្ជមាន ពីភាគីទាំងពីរនេះរួចមកហើយ ៕
ប្រែសម្រួល៖ ស៊ុន លី