គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបណ្តេញឧត្តមសេនីយ Valerii Zaluzhnyi ចេញពីតំណែងជាមេបញ្ជាការ ដោយលើកឡើងពីតម្រូវការក្នុងការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ខណៈដែលសង្រ្គាមជាមួយរុស្ស៊ីខិតជិតដល់ឆ្នាំទី៣ របស់ខ្លួន។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថាលោកវរសេនីយ៍ឯក Oleksandr Syrskyi បានជំនួសមេបញ្ជាការ ដែលចាកចេញ។
ការផ្លាស់ប្តូរនេះទំនងជាជំរុញឱ្យមានការប្រឆាំង ខណៈដែលលោក Zaluzhnyi ដែលបានកាន់តំណែងចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ នៅតែមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនអ៊ុយក្រែនចំពេលមានរបាយការណ៍អំពីភាពខុសគ្នាជាមួយប្រធានាធិបតីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “អារម្មណ៍នៃការជាប់គាំងជាពិសេសនៅក្នុងទិសដៅភាគខាងត្បូង និងការលំបាកក្នុងការប្រយុទ្ធនៅក្នុងតំបន់ Donetsk បានប៉ះពាល់ដល់អារម្មណ៍សាធារណៈ” ដោយបន្ថែមថា លោកបានស្នើសុំឱ្យលោក Zaluzhnyi បន្តនៅក្នុងមុខតំណែងរដ្ឋាភិបាល។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីលោក Zaluzhnyi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអង់គ្លេស The Economist នៅក្នុងខែវិច្ឆិកាថា សង្រ្គាមជាមួយរុស្ស៊ី គឺស្ថិតក្នុង “ភាពទាល់ច្រក” ដែលជាការវាយតម្លៃ ដែលត្រូវបានច្រានចោលដោយលោក ហ្សេឡិនស្គី៕ ប្រែសម្រួល ឈូក បូរ៉ា