បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីមិនមានចេតនាវាយប្រហារ ប្រទេសសមាជិកណាតូទេ ហើយនឹងសងសឹកលុះត្រាតែ ត្រូវបានវាយប្រហារជាមុនសិន ប្រធានាធិបតី Vladimir Putin បានប្រាប់អ្នកកាសែតអាមេរិកលោក Tucker Carlson នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
លោកPutinបាននិយាយថា បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមបំភិតបំភ័យប្រជាជន របស់ពួកគេជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ី។ លោកបានបន្ថែមថា មនុស្សឆ្លាតយល់យ៉ាងច្បាស់ថា នោះជារឿងមិនពិត។
លោក Carlson បានសួរប្រធានាធិបតីថាតើ គាត់អាចស្រមៃមើលសេណារីយ៉ូ ដែលអ្នកបញ្ជូនទាហានរុស្ស៊ីទៅប៉ូឡូញដែរឬទេ ជាការឆ្លើយតបលោក Putin បាននិយាយថា៖ មានតែករណីមួយប៉ុណ្ណោះប្រសិនបើ មានការវាយប្រហារលើប្រទេសរុស្ស៊ីពីប៉ូឡូញ។ ហេតុអ្វី? ព្រោះយើងមិនមានផលប្រយោជន៍ ក្នុងប្រទេសប៉ូឡូញ ឡាតវី ឬ សមាជិកណាតូ ណាមួយទៀត។
លោកប្រធានាធិបតីបានបន្តថា៖ អ្នកមិនចាំបាច់ធ្វើជាអ្នកវិភាគ ដើម្បីយល់ថាការចូលរួមក្នុងសង្រ្គាមសកលលោក ផ្ទុយពីសុភវិនិច្ឆ័យនោះទេ។ សង្គ្រាមពិភពលោកនឹងនាំមនុស្សជាតិទាំងអស់ទៅដល់កម្រិតនៃការបំផ្លិចបំផ្លាញ។
រដ្ឋាភិបាលទីក្រុងមូស្គូបានលើកឡើង ម្តងហើយម្តងទៀតអំពីការបន្តពង្រីក របស់អង្គការណាតូទៅភាគខាងកើត និងការគាំទ្ររបស់ខ្លួនចំពោះទីក្រុងគៀវថា ជាមូលហេតុមួយក្នុងចំណោមមូលហេតុ នៃជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន។ មន្ត្រីរុស្ស៊ីក៏បានព្រមានផងដែរថា ការបញ្ជូនសព្វាវុធ និងបរិក្ខារយោធាផ្សេងទៀត ទៅកាន់ប្រទេសអ៊ុយក្រែន នាំឱ្យមានការរីករាលដាលបន្ថែមទៀតប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី