ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី ​អ៊ុយក្រែន ​៖ ក្រុមហ៊ុន​ជប៉ុន អាច​ដើរ​តួនាទី​យ៉ាង​ធំ ​ក្នុង​ការ​ស្ដារ​ប្រទេសឡើងវិញ ក្រោយសង្រ្គាម

Kyodo

គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹង កាលពីពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែន មានបំណងចុះហត្ថលេខា លើកិច្ចព្រមព្រៀង “ជួរពេញលេញ” ជាមួយប្រទេសជប៉ុន នៅក្នុងសន្និសីទ ការកសាងប្រទេសឡើងវិញនៅទីក្រុងតូក្យូនៅចុងខែនេះ ដើម្បីជំរុញការវិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។

លោក Shmyhal គ្រោងនឹងដឹកនាំគណៈប្រតិភូ ប្រទេសរបស់លោកនៅក្នុងសន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការជំរុញការកសាងឡើងវិញ សេដ្ឋកិច្ចនៅថ្ងៃទី១៩ ខែកុម្ភៈ ជាកន្លែងដែលការពិភាក្សា នឹងប្រព្រឹត្តទៅលើការកសាងប្រទេសឡើងវិញ ពីការខូចខាតដោយសង្រ្គាម ដែលបានកើតឡើងចាប់ តាំងពីការឈ្លានពាន របស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយកាសែតក្យូដូ ក្នុងទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ប្រទេសរបស់លោក “ចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការ ដ៏ទូលំទូលាយជាមួយធុរកិច្ចជប៉ុន” ដោយបន្ថែមថា លោកមើលឃើញ “សក្តានុពលដ៏ធំ” សម្រាប់ទំនាក់ទំនង រវាងក្រុមហ៊ុនជប៉ុន និងអ៊ុយក្រែន ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានជ្រើស រើសផ្នែក ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វិស្វកម្ម អាយធី និងផ្នែកសន្តិសុខ និងការពារជាតិ ជាតំបន់ ដែលក្រុមហ៊ុនជប៉ុន អាចដើរតួយ៉ាងសំខាន់ក្នុងការ ជួយដល់ការស្តារឡើងវិញ ដែលធនាគារពិភពលោកបាន ប៉ាន់ប្រមាណកាលពីខែមីនា ឆ្នាំមុនថានឹងចំណាយអស់ ៤១១ ពាន់លានដុល្លារក្នុង ទសវត្សរ៍ក្រោយ។

ជាពិសេសលោក Shmyhal បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗនឹងចែករំលែក ជំនាញវិស្វកម្មរបស់ពួកគេ ជាមួយអាជីវកម្មអ៊ុយក្រែន ហើយក្រុមហ៊ុនផ្សេងទៀត នឹងសហការក្នុងការផលិត និងទាញយកជី និងកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដូចជាលីចូមជាដើម ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top