ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Muskថា ដល់ពេលដែលត្រូវឈប់ ផ្តល់លុយឱ្យអ៊ុយក្រែនហើយ

AFP

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានរិះគន់ប្រធានាធិបតីអាមេរិក Joe Biden បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានរិះគន់សភាចំពោះការបរាជ័យ ក្នុងការអនុម័តការផ្តល់មូលនិធិបន្ថែមសម្រាប់ ទីក្រុងគៀវ ។ មហាសេដ្ឋីរូបនេះបាននិយាយថា ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី គួរតែបញ្ចប់រួចទៅហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃសុក្រ លោក Musk បានថ្លឹងថ្លែងលើការអត្ថាធិប្បាយរបស់លោក Biden ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីដើមថ្ងៃ។ លោកប្រធានាធិបតីអាមេរិកបានស្នើថា ការបរាជ័យរបស់សភាអាមេរិក ក្នុងការបន្តគាំទ្រអ៊ុយក្រែននឹង បង្កជា “ការខឹងសម្បារ” ហើយនឹងជាប់ព្រំដែនលើ “ការធ្វេសប្រហែសឧក្រិដ្ឋកម្ម” ។

សហរដ្ឋអាមេរិកបានតស៊ូ អស់រយៈពេលជាច្រើនខែក្នុងការអនុម័ត ថវិកាថ្មីសម្រាប់ក្រុងគៀវ ដោយសារការប្រឆាំងក្នុងចំណោមអ្នកសាធារណរដ្ឋ ដែលបានទាមទារប្រាក់បន្ថែមទៀត សម្រាប់សន្តិសុខនៅព្រំដែនភាគខាងត្បូងរបស់អាមេរិក។ ខណៈពេលដែលលោក Biden ថ្មីៗនេះបានអនុម័តលើ សេចក្តីព្រាងច្បាប់ក្នុងទំហំទឹកប្រាក់ ១១៨ ពាន់លានដុល្លារ និង៦០ ពាន់លានដុល្លារដែល ត្រូវបានផ្តល់ជូនសម្រាប់អ៊ុយក្រែន ។ សមាជិកគណបក្សសាធារណរដ្ឋជាច្រើន បានជំទាស់ដោយនិយាយថា វាមិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិព្រំដែន។

ឆ្លើយតបទៅនឹងការរិះគន់របស់លោក Biden លើសភាជុំវិញអ៊ុយក្រែន លោក Musk បាននិយាយថា “វាដល់ពេលហើយដើម្បីបញ្ឈប់ម៉ាស៊ីនកិនសាច់” ដោយបន្ថែមថានេះ វា “គួរតែត្រូវបានធ្វើឡើងកាលពីមួយឆ្នាំមុន” ។

កាលពីដើមសប្តាហ៍នេះ មហាសេដ្ឋីដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកក៏បានអះអាងថា វា “មិនសមហេតុផល” ក្នុងការផ្ញើ “ប្រាក់យ៉ាងច្រើនទៅកាន់អ៊ុយក្រែន ដោយគ្មានការទទួលខុសត្រូវ និងគ្មានការប្រកួតបញ្ចប់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top