បរទេស៖ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad បាននិយាយកាលពីថ្ងៃអាទិត្យក្នុងពេលដែលវិបត្តិកំពុងបន្តថា ទីក្រុងដាម៉ាស បានរៀបចំយ៉ាងពេញលេញដើម្បីការពារទឹកដីរបស់ខ្លួននៅក្នុងជម្លោះយោធាដ៏មានសក្តានុពលជាមួយប្រទេសអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Mekdad បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian នៅទីក្រុង ដាម៉ាស ដែលជាកន្លែងដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីការគាំទ្ររួមគ្នាសម្រាប់ប៉ាឡេស្ទីនក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា។
លោក Mekdad បាននិយាយថា ប្រទេសស៊ីរី «បាននឹងកំពុងទប់ទល់» អ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ១៩៤៨ នៅពេលដែលសង្រ្គាមពេញលេញលើកដំបូងបានផ្ទុះឡើងរវាងប្រទេសអារ៉ាប់ជាច្រើន និងរដ្ឋជ្វីហ្វ ដែលទើបបង្កើតថ្មី។
រដ្ឋមន្ត្រីការបរទេសស៊ីរីបានសង្កត់ធ្ងន់ ដោយកត់សម្គាល់ពីសារៈសំខាន់នៃតំបន់ Golan Heights ដែលជាផ្នែកមួយនៃប្រទេសស៊ីរីភាគនិរតីដែលគ្រប់គ្រងដោយអ៊ីស្រាអែលតាំងពីឆ្នាំ ១៩៦៧ ថា “ស៊ីរីបានធ្វើសង្រ្គាមប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល ហើយត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធនឹងសង្រ្គាម ប៉ុន្តែវានឹងសម្រេចចិត្តនៅពេលណា និងដោយរបៀបណា” ។
លោក Makded បានទទូចដោយបន្ថែមថា ការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលនៅ Golan Heights គឺ “ស្ថិតនៅកំពូលនៃអាទិភាពរបស់យើង”។ ស៊ីរីបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង់តម្លៃសម្រាប់ប្រតិបត្តិការរំដោះទាំងអស់នេះ” ៕ ប្រែសម្រួលៈ ណៃ តុលា