ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងថា យោធារុស្ស៊ីមិនដែលបញ្ជាទិញ អ៊ីនធឺណិតផ្កាយរណប Starlink របស់ SpaceX នោះទេ

RT News

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា យោធារុស្ស៊ីមិនដែលបញ្ជាទិញ អ៊ីនធឺណិតផ្កាយរណប Starlink របស់ SpaceX ជាផ្លូវការទេ ហើយផ្កាយរណបទាំងនោះ គឺមិនត្រូវបានបញ្ជាក់សម្រាប់ប្រើប្រាស់ នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ អ្នកនាំពាក្យវិមាន​ក្រឹមឡាំងលោក Dmitry Peskov បានធ្វើអត្ថាធិប្បាយភ្លាមៗបន្ទាប់ពី ការស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានអះអាងថា កងកម្លាំងរុស្ស៊ីកំពុងប្រើប្រាស់បច្ចេកវិទ្យា ចំពេលមានជម្លោះប្រដាប់អាវុធដែលកំពុងបន្តរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបរិច្ចាគស្ថានីយ Starlink ប្រហែល ២០.០០០ ដល់អ៊ុយក្រែនភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើម ការវាយលុករបស់ខ្លួនប្រឆាំងនឹងប្រទេសនេះ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ កងទ័ពអ៊ុយក្រែនកំពុង ប្រើប្រាស់ផ្កាយរណបទាំងនោះ ដើម្បីប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកនៅតាមជួរមុខ។ ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីរូបនេះបាននិយាយ កាលពីឆ្នាំមុនថាលោកបានបដិសេធ សំណើរបស់អ៊ុយក្រែនក្នុងការធ្វើឱ្យសេវា Starlink សកម្មនៅតំបន់គ្រីមៀ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Peskov បានកត់សម្គាល់ថា Starlink មិនដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសរុស្ស៊ីទេ មានន័យថា វា “មិនអាច និងមិនត្រូវបានផ្តល់ឱ្យនៅទីនេះជាផ្លូវការទេ” ។ លោកបានបន្ថែមថា សម្រាប់ហេតុផលនេះ បច្ចេកវិទ្យានេះមិនអាចប្រើប្រាស់ក្នុងសមត្ថភាព ផ្លូវការណាមួយនៅក្នុងប្រទេសរុស្ស៊ីបានទេ។

អ្នកតំណាងរបស់វិមានក្រឹមឡាំង បានសន្និដ្ឋានដោយនិយាយថា មិនមានចំណុចណាមួយ នៅក្នុងទីក្រុងម៉ូស្គូក្នុងការចូលរួមក្នុង “ការពិភាក្សារវាងរបបទីក្រុងគៀវ និងសហគ្រិន Musk” ឡើយ។

នៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) កាលពីថ្ងៃអាទិត្យលោក Musk បានទទូចថា “របាយការណ៍ព័ត៌មានមិនពិតមួយចំនួនបានអះអាងថា SpaceX កំពុងលក់ Starlink ទៅឱ្យប្រទេសរុស្ស៊ី” ។

នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានបន្ថែមថា ” គ្មាន Starlinks ត្រូវបានលក់ដោយផ្ទាល់ ឬដោយប្រយោលទៅឱ្យប្រទេសរុស្ស៊ីទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top