ព័ត៌មានអន្តរជាតិ

ថៃ ៖ ថ្ងៃ Valentine’s Day ផ្ទះសំណាក់ នៅទូទាំងប្រទេស ត្រូវបានជំរុញ មិនឱ្យទទួលភ្ញៀវ ជាអនីតិជន

Photo: Somchai Poomlard

បរទេស ៖ យោងតាមប៉ូលិស ភូមិន្ទថៃ (RTP) បានឱ្យដឹងថា ការពិនិត្យទៅលើអ្នកទៅម៉ូតែល ឬផ្ទះសំណាក់ និងកន្លែង កម្សាន្តពេលយប់ គឺនឹងមានភាពរឹតបន្តឹងតឹងរ៉ឹង ជាងមុន ដើម្បីធានាសុវត្ថិភាពដល់អនីតិជន នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤កុម្ភៈ ។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកស្រី ចាន់ចៃ រតនាប៉ានិក អ្នកនាំពាក្យរងប៉ូលិសភូមិន្ទថៃ (RTP) កាលពីថ្ងៃអង្គារ បានបង្ហាញថា អគ្គស្នងការនគរបាលជាតិរបស់ថៃ លោកឧត្ដមសេនីយ៍ តូសាក់ ស៊ូកវិមុល បានសម្តែងការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់យុវជន នៅល្ងាចនេះ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ។

លោកស្រីបាននិយាយថា ភ្នាក់ងារទាំងអស់ ដែលស្ថិតនៅក្រោមប៉ូលីសភូមិន្ទថៃ ត្រូវបានណែនាំឱ្យតាមដាន និងទប់ស្កាត់ឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ជាពិសេសឧក្រិដ្ឋកម្មផ្លូវភេទ និងការឈ្លោះប្រកែកគ្នា ដោយផ្តោតពិសេសលើតំបន់ ដែលមិនច្បាស់លាស់ ។

ប៉ុស្តិ៍ត្រួតពិនិត្យផ្លូវនៅជិតកន្លែងកម្សាន្ត ផ្ទះសំណាក់ ហាងស្រា និងហាងអ៊ីនធឺណេត នឹងត្រូវដាក់ពង្រាយ ដើម្បីត្រួតពិនិត្យអ្នកបើកបរ និងក្មេងជំទង់ ដើម្បីកាត់បន្ថយហានិភ័យ នៃអំពើហិង្សា និងចាប់មនុស្សកាន់កាប់វត្ថុខុសច្បាប់ ក៏ដូចជាទប់ស្កាត់ការប្រណាំង តាមផ្លូវខុសច្បាប់។

វិធានការតឹងរ៉ឹងនឹង ត្រូវបានអនុវត្តនៅកន្លែងកម្សាន្ត ដើម្បីទប់ស្កាត់ការបើកអាជីវកម្ម ដោយខុសច្បាប់ ទទួលអតិថិជនមិនទាន់គ្រប់អាយុ ការសម្តែងអាសអាភាស និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ម៉ូតែលនៅទូទាំងប្រទេសថៃ ក៏ត្រូវបានជំរុញឱ្យជៀសវាងការ ទទួលយកអនីតិជនផងដែរ។

ទន្ទឹមនឹងនោះ ប៉ូលីសបានជំរុញ ឱ្យឪពុកម្តាយយកចិត្តទុកដាក់ លើកូនរបស់ពួកគេ និងជូនដំណឹងដល់ពួកគេអំពីហានិភ័យដែលអាចកើតមានផ្សេងៗ ក៏ដូចជាការប្រុងប្រយ័ត្នក្នុងការទទួលយកអាហារ ឬភេសជ្ជៈពីជនចម្លែក ដែលអាចមានផ្ទុកសារធាតុញៀ នឈានទៅដល់ការចាប់រំលោភ៕
ប្រែសម្រួលៈ ណៃ តុលា

To Top