ព័ត៌មានអន្តរជាតិ

Update៖ ហ្វីលីពីន មានអ្នកស្លាប់ដោយសារគ្រោះបាក់ដីនៅខេត្តភាគខាងត្បូង កើនឡើងដល់៧១នាក់ហើយ ខណៈ៤៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

រូបភាពពី៖​ EFE

ម៉ានីល៖ មន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានវាយប្រហារទីក្រុងជីករុករករ៉ែមួយកន្លែងនៅក្នុងខេត្ត Davao de Oro ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានកើនឡើងដល់៧១នាក់ហើយ ។

លោកស្រី Leah Anora នាយកដ្ឋាននៃក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលក្នុងតំបន់បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុង Maco ដែលជាកន្លែងកើតមានសោកនាដកម្មថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន៤៧ នាក់ ។

លោកស្រីបានលើកឡើងថា មនុស្សចំនួន៣២នាក់បានរងរបួស ប៉ុន្តែបានរួចជីវិតពីសោកនាដកម្មមួយនេះ ។

គួរបញ្ជាក់ថា អ្នកស្លាប់រួមមានកម្មករបម្រើការឲ្យក្រុមហ៊ុនរុករករ៉ែមួយកន្លែងដែលជាប់ក្នុងរថយន្តក្រុងចំនួន២គ្រឿងដែលកប់ដោយថ្ម និងល្បាប់ភក់ និងដើមឈើដែលផ្តើមចេញពីភ្នំ ។ រថយន្តក្រុងកំពុងដឹកក្រុមកម្មករទៅ និងមកពីការដ្ឋានជីករ៉ែ ។

យោធា និងអ្នកស្ម័គ្រចិត្តកំពុងបន្តប្រតិបត្តិការស្វែងរក និងបាននាំយកមកវិញ។ លោក Edward Macapili ជំនួយការប្រតិបត្តិផ្នែកព័ត៌មាន និងទំនាក់ទំនងប្រចាំខេត្ត Davao de Oro បានលើកឡើងឲ្យដឹងកាលពីថ្ងៃចន្ទថា ការយកមកវិញបានបន្តបើទោះបីជាមាន “បញ្ហាប្រឈម” មួយចំនួននៅលើដី រួមទាំងការរញ្ជួយដីក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top