បរទេស៖ អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើម “ការវាយប្រហារជាបន្តបន្ទាប់” នៅក្នុងប្រទេសលីបង់ ក្នុងសកម្មភាពដែលទំនងជានឹង បង្កើនការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នា ផ្នែកយោធាដ៏ធំរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីអំពើហិង្សាឆ្លងព្រំដែនជាច្រើនខែ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាអ៊ីស្រាអែលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការវាយប្រហារតាមអាកាសភ្លាមៗនោះទេ ដែលការវាយប្រហារនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី មនុស្សយ៉ាងតិចម្នាក់បានស្លាប់ និង ៧ នាក់ទៀតបានរងរបួសនៅក្នុង ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលបាញ់ចេញពីប្រទេសលីបង់។
វីដេអូដែលផ្សព្វផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមហាក់ដូចជា បង្ហាញពីតំបន់នៅភាគខាងត្បូងនៃ ប្រទេសលីបង់ដែលរងការខូចខាត ដោយសារការវាយប្រហារ រួមទាំងនៅក្នុងខេត្ត Nabatieh កាន់តែជ្រៅទៅក្នុងទឹកដីលីបង់ ជាងការវាយប្រហារមុនៗជាច្រើន។
ក្រុមហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធលីបង់ ដែលបានផ្លាស់ប្តូរការបាញ់ប្រហារជារៀងរាល់ថ្ងៃ ជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម នៅតំបន់ហ្គាហ្សាកាលពីបួនខែមុននោះ ហើយក៏មិនបានអះអាងទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅព្រឹកថ្ងៃពុធនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា