ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass និង Interfax បានឲ្យដឹងថា សកម្មជនបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny ដែលជាអ្នករិះគន់ដ៏លេចធ្លោ លើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានទទួលមរណភាព កាលពីថ្ងៃសុក្រ នៅពន្ធនាគារក្នុងតំបន់ Arctic ។
ទីភ្នាក់ងារសារព័ត៌មាន Tass និង Interfax បានចុះផ្សាយថា ការអភិវឌ្ឍន៍ដែលជំរុញឱ្យមេដឹកនាំ លោកខាងលិច ចេញការរិះគន់យ៉ាងចាស់ដៃទៅលើអាជ្ញាធររបស់ប្រទេសក្រោមការដឹកនាំរបស់លោក ពូទីន ។
ដកស្រង់ពីសេវាពិន័យសហព័ន្ធ សារព័ត៌មាន Tass បានរាយការណ៍ថា លោក Navalny ដែលកំពុងជាប់ទោសនៅតំបន់ស្វយ័ត Yamalo-Nenets ភាគខាងជើងនៃប្រទេសរុស្ស៊ី ជុំវិញការចោទប្រកាន់ពីការក្លែងបន្លំ និងលទ្ធិជ្រុលនិយម “មានអារម្មណ៍មិនស្រួលខ្លួន និងបាត់បង់ស្មារតីភ្លាមៗនោះ។
របាយការណ៍បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានមកដល់ភ្លាមៗ ហើយព្យាយាមសង្គ្រោះលោក ប៉ុន្តែមិនបានសម្រេច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
សារព័ត៌មាន Tass បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលឲ្យដឹងថា លោក ពូទីន បានទទួលរបាយការណ៍អំពីការស្លាប់របស់លោក Navalny ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថា លោកមានការខឹងសម្បារ ចំពោះរបាយការណ៍នៃការស្លាប់របស់សកម្មជនអាយុ ៤៧ឆ្នាំរូបនេះ។
លោកបានលើកឡើងថា “កុំមានកំហុស លោកពូទីន ជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់លោក Navalny”។ លោក បៃដិន បានរិះគន់លោក ពូទីន ចំពោះការ “បំពុល” “ចាប់ខ្លួន” និង “កាត់ទោសពីបទឧក្រិដ្ឋកម្មប្រឌិតលើលោក Navalny”៕
ប្រែសម្រួល ឈូក បូរ៉ា