ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងរវាប្រទេសចិន-អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក វ៉ាង យី ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីនេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងម៊ុយនិក ដែលកំពុងតែប្រព្រឹត្តទៅ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងម៉ឺងម៉ាត់ ខ្លឹមសារ និងស្ថាបនា ។
លោក បានលើកឡើងថា លោកប្រធានាធិបតី ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបប្រជុំគ្នាដោយជោគជ័យកាលពីចុងឆ្នាំមុន ដែលជាកន្លែងដែលពួកគេបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាយុទ្ធសាស្ត្រ រួម និងទិសដៅនៅក្នុងទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក និងឈានដល់ការឯកភាពដ៏សំខាន់។
លោក វ៉ាង យី បានលើកឡើងថា ភារកិច្ចដ៏សំខាន់បំផុតសម្រាប់ភាគីទាំងពីរនាពេលបច្ចុប្បន្ន គឺត្រូវអនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរដើម្បីធ្វើឱ្យ “ចក្ខុវិស័យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ” ក្លាយជាការពិត ដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងនិរន្តរភាព។
លោក បានកត់សម្គាល់ថា ចំពោះបញ្ហានេះ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយស្វែងរកយ៉ាងសកម្មនូវវិធីត្រឹមត្រូវ សម្រាប់ប្រទេសធំៗទាំងពីរក្នុងការរួមរស់ជាមួយគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា