ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានឲ្យដឹងថា កាណាដា អាចបង្កើតការយល់ដឹងត្រឹមត្រូវអំពីប្រទេសចិន ទទួលយកទស្សនៈរយៈពេលវែងនៃទំនាក់ទំនងទ្វេភាគី និងផ្តល់នូវទស្សនវិស័យវិជ្ជមាន សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់ពួកគេ។
លោក វ៉ាង យី ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ទំនាក់ទំនងចិន-កាណាដា បានឈានមុខគេតាំងពីយូរយារណាស់មកហើយ នៃទំនាក់ទំនងរបស់ចិនជាមួយបណ្តាប្រទេសលោកខាងលិច ហើយស្ថានភាពលំបាកនាពេលបច្ចុប្បន្ននេះ មិនមែនជាអ្វីដែលចិនចង់ឃើញនោះទេ នៅពេលជួបជាមួយសមភាគីកាណាដារបស់លោក គឺលោកស្រី Melanie Joly ។
ដោយកត់សម្គាល់ថា ស្ថិរភាព និងការកែលម្អទំនាក់ទំនងចិន-កាណាដា គឺជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចទាំងពីរមានការបំពេញបន្ថែមខ្ពស់ ហើយមិនមានជម្លោះផលប្រយោជន៍ជាមូលដ្ឋានរវាងភាគីទាំងពីរឡើយ។
លោកបានលើកឡើងថា ភាគីទាំងពីរមិនមែនជាគូប្រជែងឡើយ ទុកឱ្យតែសត្រូវនឹងគ្នា ហើយគួរតែជាដៃគូនៃកិច្ចសហប្រតិបត្តិការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា ដោយសារប្រទេសចិន និងកាណាដា មានភាពខុសប្លែកគ្នានៅក្នុងប្រព័ន្ធ ប្រវត្តិសាស្ត្រ និងវប្បធម៌ ភាគីទាំងពីរគួរតែគោរព និងរៀនពីគ្នាទៅវិញទៅមក ដើម្បីពង្រីកការឯកភាពគ្នា កសាងទំនុកចិត្តឡើងវិញ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។
លោកក៏បានអំពាវនាវឱ្យបញ្ឈប់ការបំភាន់ទ្រឹស្ដី “ការគំរាមកំហែងរបស់ប្រទេសចិន” ការផ្សព្វផ្សាយការចោទប្រកាន់មិនពិតអំពីការជ្រៀតជ្រែករបស់ចិន នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាណាដា ឬធ្វើឱ្យហួសកម្រិតនូវគោលគំនិតនៃសន្តិសុខជាតិទាក់ទងនឹងការផ្លាស់ប្តូរពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕ ប្រែសម្រួល ឈូក បូរ៉ា