ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ៖ កងទ័ពរុស្ស៊ី កំពុងគ្រប់គ្រងបានទាំងស្រុងទីក្រុង Avdiivka នៅជិតក្រុង Donetsk

រូបភាពពី៖​ AFP

ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានថ្លែងថា កងទ័ពរបស់ប្រទេសរុស្ស៊ី បានគ្រប់គ្រងទាំងស្រុងទីក្រុង Avdiivka ដែលនៅជិតក្រុង Donetsk ។

ក្រសួងការពារជាតិបានប្រកាសនៅលើបណ្តាញ Telegram របស់ខ្លួនយ៉ាងដូច្នេះថា លោក Shoigu បានរាយការណ៍ជូនដល់លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅវិមានក្រឹមឡាំងថា កងទ័ពនៃក្រុម Center ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក Andrey Mordvichev បានដណ្តើមកាន់កាប់យកទីក្រុង Avdiivka ទាំងស្រុងហើយ ។

ក្រសួងខាងលើបានឲ្យដឹងថា កងទ័ពរុស្ស៊ី បានដណ្តើមកាន់កាប់ទឹកដីចំនួន៣១,៧៥គីឡូម៉ែត្រក្រឡាពីកងកម្លាំងរបស់អ៊ុយក្រែន ហើយអ៊ុយក្រែន បានបាត់បង់ទាហានជាង១.៥០០នាក់ក្នុងការប្រយុទ្ធគ្នាសម្រាប់ការរក្សាក្រុង Avdiivka ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

ក្រសួងដដែលនេះបានឲ្យដឹងថា “ស្ថិតក្រោមឥទ្ធិពលនៃការបាញ់ប្រហារជាបន្តបន្ទាប់របស់កងទ័ពរុស្ស៊ី មានតែក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន ដែលបែកខ្ញែកដាច់ដោយឡែកពីគ្នាប៉ុណ្ណោះដែលអាចចាកចេញពីក្រុង Avdiivka យ៉ាងប្រញាប់ប្រញាល់ បំផុតដោយបោះបង់ចោលអាវុធ និងឧបករណ៍យោធារបស់ពួកគេ។ បច្ចុប្បន្ននេះ វិធានការកំពុងត្រូវបានធ្វើឡើងដើម្បីបោសសម្អាតទីក្រុងរបស់ពួកសកម្មប្រយុទ្ធ ដោយធ្វើរារាំងដល់អង្គភាពអ៊ុយក្រែន” ។

ក្រសួងបានឲ្យដឹងទៀតថា ការគ្រប់គ្រងទាំងស្រុងក្រុង Avdiivka បានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ី រុញច្រានខ្សែជួរមុខពីទីក្រុង Donetsk មកវិញ ដូច្នេះហើយបានធានាសន្តិសុខយ៉ាងខ្លាំងដល់យោធាពីការវាយប្រហាររបស់អ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top