មុយនិច៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន មានសមត្ថភាព និងប្រាជ្ញាក្នុងការឈាន ដល់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) និងការពារសន្តិភាព និងស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងជើងហោះហើរ និងសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ប្រទេសផ្សេងៗក្នុងតំបន់ ។
លោក វ៉ាង យី ដែលជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនបានច្រានចោលការភូតកុហក នៃអ្វីដែលហៅថាការឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង នៅពេលឆ្លើយសំណួរបន្ទាប់ពីសុន្ទរកថា សំខាន់របស់លោកក្នុងអំឡុងពេលសម័យប្រជុំ “ប្រទេសចិន នៅក្នុងពិភពលោក” នៅឯសន្និសីទសន្តិសុខទីក្រុងមុយនិច លើកទី៦០ ។
លោក បានកត់សម្គាល់ថា កោះ Nanhai Zhudao (កោះសមុទ្រចិនខាងត្បូង) គឺជាទឹកដីរបស់ប្រទេសចិន តាំងពីបុរាណកាលមក។ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង ១៩៧០ ប្រទេសមួយចំនួនបានលុកលុយ និងកាន់កាប់កោះ និងថ្មប៉ប្រះទឹកមួយចំនួនរបស់ចិនម្តងមួយៗ ប៉ុន្តែចិនតែងតែអនុវត្តការអត់ធ្មត់ និងទទូចឱ្យដោះស្រាយបញ្ហាតាមរយៈការពិគ្រោះយោបល់ជាមិត្ត ដូច្នេះហើយការដែលហៅថា ការឈ្លានពានរបស់ចិនគឺគ្មានន័យអ្វីឡើយ។
នៅឆ្នាំ ២០០២ ប្រទេសចិន បានជំរុញឱ្យមានការចុះហត្ថលេខាលើ សេចក្តីប្រកាសស្តីពីការប្រតិបត្តិ នៃភាគីនានានៅសមុទ្រចិនខាងត្បូង ជាមួយបណ្តាប្រទេសសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ប្រកបដោយប្រសិទ្ធភាព ៕
ប្រែសម្រួល ឈូក បូរ៉ា