ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី មួយរូបរបស់ថៃ ទទូចថា លោក សេដ្ឋា ថាវីស៊ីន មានអំណាចពេញលេញ ជានាយករដ្ឋមន្រ្តី ដោយគ្មានអន្តរាគមន៍ របស់លោក ថាក់ស៊ីន

The Nation

រទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មរបស់ថៃ លោក ភុំថាម វិឆាយ៉ាឆៃ បានច្រានចោលពាក្យ ចចាមអារ៉ាមដែលថា អតីតនាយករដ្ឋមន្ត្រីគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងចាប់ផ្តើមមានឥទ្ធិពលលើរដ្ឋបាលបច្ចុប្បន្ន ដែលពេល​នេះ​លោកត្រូវ​ បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ភុំថាម បាននិយាយកាលពីថ្ងៃចន្ទថា អ្នកដែលមានការព្រួយបារម្ភបែបនេះគឺជាអ្នកដែលគ្មានទស្សនៈវិស័យវែងឆ្ងាយ ។

លោកថាក់ស៊ីន ដែលបានបង្កើតគណបក្សថៃរ៉ាក់ថៃ ដែលទីបំផុតបានក្លាយ ជាគណបក្សភឿថៃ ត្រូវបានគេជឿថា បញ្ជាឱ្យមានការគោរព ពីសមាជិកស្នូលជាច្រើន នៃគណបក្សកាន់អំណាច រួមទាំងលោក ភុំថាម ផងដែរ។

លោក ភុំថាម គឺ​ជា​ដៃ​ស្តាំ​របស់​លោក​ថាក់ស៊ីន ក្នុង​អំឡុង​ពេល​កាន់​តំណែង ​ទាំង​ពីរ​របស់​លោក។

លោក ថាក់ស៊ីន បាន​ត្រឡប់​ទៅ​ភូមិគ្រឹះរបស់​លោកវិញ​ កាលពីថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរពេទ្យ​ប៉ូលិស​ទូទៅ​រយៈពេល ១៨០ ថ្ងៃ ក្រោយពី​លោកបានត្រឡប់​ពី​ការ​និរទេស​ខ្លួន​ឯង​រយៈពេល ១៥ ឆ្នាំ​។

នៅពេលសួរថា តើគាត់នឹងទៅសួរសុខ ទុក្ខអតីតនាយករដ្ឋមន្ត្រីឬអត់? លោក ភុំថាម បាននិយាយថា វាគ្រាន់តែជារឿងធម្មតា សម្រាប់អ្នកដែលគោរពលោកថាក់ស៊ីន ស្វែងរកឱកាសមកសួរ សុខទុក្ខគាត់ ជាពិសេសចាប់តាំងពីគាត់ បានឃ្លាតឆ្ងាយ ពីស្រុកទេសអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

លោកថា “ខ្ញុំចង់ទៅលេងគាត់ ព្រោះខ្ញុំស្រលាញ់ និងគោរពគាត់។ ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គាត់​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដំបូង​ខ្ញុំ​ត្រូវ​តែ​ទុក​ពេល​ឱ្យ​គាត់​នៅ​ជាមួយ​ក្រុម​គ្រួសារ… ពេល​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ទៅ​លេង​គាត់»។

នៅ​ពេល​សួរ​ទៀតថា​ តើ​លោកថាក់ស៊ីន​ នឹង​ជួយ​បក្ស​ភឿ​ថៃ ឬ​អត់​នោះ? លោក ភុំថាម បាន​និយាយ​ថា​ គណបក្ស​នេះ​មាន​ភាព​រឹង​មាំ​រួច​ហើយ​និង​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ថែរក្សា​ប្រជាជន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top