បរទេស ៖ យោង តាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ហុងគ្រី បានបដិសេធមិនជួបសមាជិកព្រឹទ្ធសភា អាមេរិកបួននាក់ ដែលបានធ្វើដំណើរ ដល់ទីក្រុង Budapest កាលពីថ្ងៃអាទិត្យ ។
ព័ត៌មាននេះត្រូវបានអះអាង ដោយបេសកជន របស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំប្រទេសនេះបាន និយាយហើយបន្ថែមថា សមាជិកសភាអាមេរិក កំពុងព្យាយាមអំពាវនាវ ឲ្យនាយករដ្ឋមន្ត្រី Viktor Orban ឱ្យពន្លឿនការអនុម័ត ការចូលជាសមាជិក NATO របស់ប្រទេសស៊ុយអែត ។
ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក David Pressman បាននិយាយថា គណៈប្រតិភូ បានព្យាយាម ជួបជាមួយមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ជាច្រើនរូប និងតំណាងមកពីគណបក្ស ដែលកំពុងកាន់អំណាច។
អ្នកការទូតរូបនេះបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ជនជាតិហុងគ្រីបានបដិសេធ ទោះបីជាក្រុមនេះជា គណៈប្រតិភូសភាទ្វេភាគី ជាន់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក ដើម្បីបំពេញទស្សនកិច្ច នៅប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះក៏ដោយ ។
គួរឲ្យដឹងដែរថា បើយោង តាមសារព័ត៌មានAP បានរាយការណ៍ថា សមាជិកព្រឹទ្ធសភាមានបំណង ដាក់ដំណោះស្រាយ រួមមួយ ទៅកាន់សភាអាមេរិក ដែលនឹងថ្កោលទោស ប្រទេសហុងគ្រី ចំពោះការចោទប្រកាន់ថា បានដើរ ថយក្រោយលទ្ធិប្រជាធិបតេយ្យ ។
កន្លមកនាយករដ្ឋមន្ត្រីហុងគ្រី តែងតែលើកឡើង ពីការរិះគន់ស៊ុយអែត លើរដ្ឋាភិបាលរបស់គាត់ និងលិខិតសម្គាល់ លទ្ធិប្រជាធិបតេយ្យ របស់ប្រទេសហុងគ្រីថា ជាមូលហេតុចម្បង នៃការសង្ស័យក្នុងចំណោមសមាជិកសភានៅទីក្រុង Budapest ដោយណាតូបានព្យាយាមអនុម័ត ការស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមនៅខែមិថុនា ឆ្នាំ២០២២មកម្ល៉េះ ៕
ប្រែសម្រួល៖ស៊ុនលី