យេរ៉ូសាឡឹម៖ សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែល បានកើនឡើង ២ភាគរយក្នុងឆ្នាំ២០២៣ នេះបើយោងតាមការិយាល័យស្ថិតិកណ្តាល របស់ប្រទេស បានឲ្យដឹងនៅក្នុងរបាយការណ៍ គណនីជាតិឆ្នាំ២០២៣ របស់ខ្លួនដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ។
តួលេខកំណើនចុងក្រោយបំផុត គឺទាបជាងពីរឆ្នាំមុន ដែលនៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់អ៊ីស្រាអែលបានឈានដល់ ៨,៦ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២១ឆ្នាំ ហើយនៅឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះមានកម្រិត ៦,៥ ភាគរយ។
អ្នកវិភាគបានចាត់ទុកការធ្លាក់ចុះនៃកំណើនយ៉ាងខ្លាំងចំពោះជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដែលកំពុងបន្ត ដែលបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ហើយបានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើន ១៩,៤ ភាគរយនៅក្នុងត្រីមាសទី៤។
លោក Gad Lior អ្នកវិភាគជាន់ខ្ពស់ សម្រាប់កាសែតប្រចាំថ្ងៃ Yedioth Ahronoth បានប្រាប់កាសែតស៊ីនហួថា “ការធ្លាក់ចុះនៅក្នុងត្រីមាសទី៤ ត្រូវបានរងផលប៉ះពាល់ជាចម្បងដោយការជ្រើសរើសទាហានបម្រុង ដែលរីករាលដាល ការចំណាយលើលំនៅដ្ឋានជំនួស សម្រាប់អ្នកជម្លៀសពីសង្រ្គាម និងកង្វះកម្មករសំណង់” ។
ការចំណាយលើការប្រើប្រាស់ឯកជនរបស់អ៊ីស្រាអែល បានធ្លាក់ចុះ ០,៧ភាគរយក្នុងឆ្នាំ២០២៣ បន្ទាប់ពីការកើនឡើង ៧,៤ភាគរយក្នុងឆ្នាំ២០២២ ។ ការចំណាយលើការប្រើប្រាស់សាធារណៈបានកើនឡើង ៨,៣ភាគរយកាលពីឆ្នាំមុន បើធៀបនឹងការកើនឡើង ០,១ភាគរយកាលពីឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា