តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ទប់ស្កាត់ការវាយលុកដ៏ធំ របស់អ៊ីស្រាអែល ដែលអាចកើតមានលើ ទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។
លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើ ទៅកាន់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា “ដូចដែលអ្នកបាននិយាយត្រឹមត្រូវកាលពីពេលថ្មីៗនេះ ការវាយលុកទាំងស្រុងលើទីក្រុងរ៉ាហ្វា នឹងមានការបំផ្លិចបំផ្លាញ សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ១,៥ លាននាក់នៅទីនោះ ដែលជិតរួចផុតពីការរស់រានមានជីវិត”។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឱ្យ “ការសម្លាប់រង្គាល” បែបនេះកើតឡើងដោយសង្កត់ធ្ងន់ថា “ការវាយលុកយោធាណាមួយលើទីក្រុងរ៉ាហ្វា ប្រាកដជាមានលក្ខណៈគ្រប់គ្រាន់ជាដំណាក់កាលមួយផ្សេងទៀត នៅក្នុងការប្រល័យពូជសាសន៍ អ៊ីស្រាអែល នៃប្រជាជាតិប៉ាឡេស្ទីន” ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ ក៏បានឲ្យដឹងផងដែរថា វាជាការចាំបាច់ដែល អង្គការសហប្រជាជាតិ បំពេញការទទួលខុសត្រូវរបស់ខ្លួន និងបញ្ចៀស “អំពើឃោរឃៅ” បន្ថែមទៀតប្រឆាំងនឹងប៉ាឡេស្ទីន ដែលបានភៀសខ្លួននៅទីក្រុងរ៉ាហ្វា៕
ប្រែសម្រួល ឈូក បូរ៉ា