បេរូត៖ ប្រភពពីយោធាលីបង់ បានឲ្យដឹងថា កាលពីរសៀលថ្ងៃចន្ទ យន្តហោះចម្បាំង របស់អ៊ីស្រាអ៊ែល បានវាយប្រហារ ទៅលើគោលដៅជាច្រើន នៅក្នុងទីក្រុង Ghazieh ដែលស្ថិតនៅភាគខាងត្បូង ជាមួយនឹងគ្រាប់មីស៊ីលពីលើអាកាសទៅដី ដោយបានបណ្តាល ឲ្យមនុស្សចំនួន១៤នាក់រងរបួស ។
ទីក្រុង Ghazieh ដែលនៅជាប់នឹងទីក្រុង Sidon ភាគខាងត្បូង មានចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីរដ្ឋធានី បេរូត (Beirut) របស់ប្រទេសលីបង់ ។
ប្រភពដែលបានលើកឡើងដោយជនអនាមិក បានបញ្ជាក់ថា យន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន៤ដង រួមទាំងការវាយឆ្មក់ចំនួន២លើក តម្រង់ទៅលើ តំបន់ឧស្សាហកម្មនៅខាងក្រោយមន្ទីរពេទ្យឯកជន Al-Rai និង២លើកទៀតតម្រង់ ទៅកាន់តំបន់ជុំវិញផ្សារ ទំនើបមួយកន្លែង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការវាយឆ្មក់ទាំង២ដែលកំណត់គោលដៅ តំបន់ឧស្សាហកម្មបានបំផ្លាញ រោងចក្រដែលផលិត និងដំឡើងម៉ាស៊ីនភ្លើង ។ រោងចក្រផលិតសំបកកង់មួយផ្សេងទៀត និងហាងជិតនោះចំនួន១០កន្លែង ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា