ប៉ារីស៖ ក្រសួងការពារជាតិបារាំង បានឲ្យដឹង កាលពីថ្ងៃអង្គារនេះថា កងទ័ពជើងទឹកបារាំង បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើកចំនួន២គ្រឿង ដែលបង្ហោះចេញពីប្រទេសយ៉េមែន នៅលើសមុទ្រក្រហម ជាកន្លែងដែលក្រុម ហួធី (Houthi) បានធ្វើការវាយប្រហារ ទៅលើនាវាពាណិជ្ជកម្មអន្តរជាតិ ។
ក្រសួងខាងលើបានឲ្យដឹងថា “នៅក្នុងអំឡុងពេលយប់ថ្ងៃទី១៩ ចូលដល់ថ្ងៃទី២០ ខែកុម្ភៈនេះ នាវាចម្បាំងពហុបេសកកម្ម របស់ប្រទេសបារាំង បានរកឃើញការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកជាច្រើនពីប្រទេសយ៉េមែន នៅក្នុងតំបន់ល្បាតរៀងៗ ខ្លួននៅឈូងសមុទ្រ Aden និងសមុទ្រក្រហមភាគខាងត្បូង ហើយយន្តហោះគ្មានមនុស្ស បើក២គ្រឿងត្រូវបានបំផ្លាញចោល” ។
សេចក្តីថ្លែងការណ៍ចេញដោយ ក្រសួងបានឲ្យដឹងថា ប្រតិបត្តិការរបស់កងទ័ពជើងទឹកបារាំង បានរួមចំណែកដល់គោលបំណង នៃប្រតិបត្តិការដែលបានចាប់ផ្តើម ដោយសហភាពអឺរ៉ុប (EU) ។
គួររំលឹកថា កាលពីថ្ងៃចន្ទ ក្រុងប្រ៊ុចស៊ែល បានប្រកាសថា ខ្លួនបានចាប់ផ្តើមបេសកកម្មកងទ័ពជើងទឹក ដែលមានកូដថា ហៅថា “ASPIDES” ដែលមានន័យថា ជាខែល ជាភាសាក្រិច នៅតំបន់សមុទ្រក្រហម និងឈូងសមុទ្រ ដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្ម និងសន្តិសុខរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា