ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនបានផ្ទេរអ្នកជំងឺធ្ងន់ធ្ងរចំនួន ៣២នាក់ រួមទាំងកុមារពីរនាក់ ពីមន្ទីរពេទ្យ Nasser នៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្នុងបេសកកម្មជួយសង្គ្រោះជីវិត ចំនួនពីរ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ។
អ្នកនាំពាក្យអង្គការសុខភាពពិភពលោក Tarik Jasarevic បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវថា អ្នកជំងឺឈឺ និងរបួសប្រមាណ ១៣០នាក់ និងបុគ្គលិកសុខាភិបាល យ៉ាងហោចណាស់ ១៥នាក់បន្តនៅក្នុងមន្ទីរពេទ្យ ។
អង្គការសុខភាពពិភពលោក បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាព និងសុខុមាលភាព របស់ពួកគេ ហើយបានព្រមានថា ការរំខានបន្ថែមទៀត ដល់ការថែទាំសង្គ្រោះជីវិត សម្រាប់អ្នកឈឺ និងអ្នករបួសនឹង នាំឱ្យមានការស្លាប់កាន់តែច្រើន។
ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បាននិយាយថា មន្ទីរពេទ្យ Nasser នៅទីក្រុង Khan Younis បានឈប់ដំណើរការបន្ទាប់ពីការវាយឆ្មក់ របស់យោធាអ៊ីស្រាអែលកាលពីថ្ងៃទី១៤ ខែកុម្ភៈ បន្ទាប់ពីមានការឡោមព័ទ្ធអស់រយៈពេលមួយសប្តាហ៍។
WHO បានឲ្យដឹងថា មន្ទីរពេទ្យ Nasser មិនមានអគ្គិសនី ឬទឹកប្រើប្រាស់នោះទេ ហើយកាកសំណល់វេជ្ជសាស្រ្ត និងសំរាមកំពុងបង្កើតជាកន្លែងបង្កាត់ពូជ សម្រាប់ជំងឺ ។
ដោយពណ៌នាអំពីស្ថានភាព នៅទីនោះថាជា “ការសោកសង្រេង” បុគ្គលិករបស់អង្គការសុខភាពពិភពលោក Chris Black បានឲ្យដឹងថា មន្ទីរពេទ្យត្រូវបានហ៊ុំព័ទ្ធ ដោយអគារដែលឆេះ និងបំផ្លាញ និងស្រទាប់កំទេចកំទីដ៏ធ្ងន់ ដោយគ្មានផ្លូវនៅដដែល៕
ប្រែសម្រួល ឈូក បូរ៉ា