ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២២ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានកើនឡើងដល់ ២៩,៤១០នាក់ និង៦៩,៤៦៥នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើង។
ប្រភពបានបន្ថែមថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៧នាក់ និងរបួស ១៣២នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោម គំនរបាក់បែកចំពេលមានការទម្លាក់ គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះ។
ប្រភពវេជ្ជសាស្ត្របានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារផងដែរ នៅពេលដែលយន្តហោះបាន ទម្លាក់គ្រាប់បែកលើផ្ទះមួយចំនួននៅក្នុងសង្កាត់ Al-Sabra និង Al-Zaytoun នៅភាគខាងត្បូងនៃទីក្រុងហ្គាហ្សា ។
ប្រភពបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា គ្រាប់កាំភ្លើងធំត្រូវបានបាញ់ សំដៅទៅផ្ទះលំនៅដ្ឋាននៅក្នុងសង្កាត់ Al-Rimal ភាគខាងលិចនៃតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យមានអ្នកស្រុកស្លាប់បាត់បង់ជីវិត។
នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប យន្តហោះ និងកាំភ្លើងធំបានវាយប្រហារ ផ្ទះលំនៅដ្ឋាននៅតំបន់កណ្តាល និងភាគខាងលិចនៃទីក្រុង ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសប្រហែល ២០នាក់ ដូចដែលបានរាយការណ៍ដោយប្រភពក្នុងស្រុក ៕
ប្រែសម្រួល ឈូក បូរ៉ា