បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានប្រកាសផ្តល់ជំនួយផ្នែកយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនដល់អ៊ុយក្រែន បើទោះបីជាមានការតស៊ូក្នុងការបំពេញស្តុកទុកឡើងវិញ បន្ទាប់ពីកញ្ចប់ជំនួយពីមុនដោយសារតែតម្លៃអាវុធកើនឡើងយ៉ាងខ្លាំង។
ក្រសួងការពារជាតិនៃទីក្រុង Stockholm បានបង្ហាញកញ្ចប់ជំនួយទី១៥របស់ខ្លួនដល់ទីក្រុងគៀវដែលមានតម្លៃ ៧,១ ពាន់លាន SEK ឬត្រូវជា៦៨៧លានដុល្លារកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា វាគឺជាកញ្ចប់ជំនួយក្នុងចំនួនដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន ហើយនឹងយកចំនួនសរុបនៃជំនួយយោធាស៊ុយអែតដល់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២បានកើនឡើងទៅ ដល់ ២,៩ ពាន់លានដុល្លារ។
គួរឲ្យដឹងដែរថាការបរិច្ចាកនឹងរួមមាន គ្រាប់កាំភ្លើងធំ និងអាវុធយុទ្ធភណ្ឌផ្សេងទៀត ប្រព័ន្ធប្រឆាំងយន្តហោះ អាវុធធុនតូច និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត ដើម្បីគាំទ្រដល់កងកម្លាំងអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ីផងដែរ៕ ប្រែសម្រួល៖ស៊ុនលី