ព័ត៌មានអន្តរជាតិ

អគ្គស្នងការរងនគរបាលជាតិ របស់ប្រទេសថៃថា បណ្តឹងប្រឆាំងលោកពាក់ព័ន្ធ នឹងល្បែងអនឡាញ ដោយសារការច្រណែន និងឃុបឃិតបង្ខូចកេរ្តិ៍ឈ្មោះលោក

The Nation

បរទេស៖ អគ្គស្នងការរងនគរបាលជាតិ របស់ប្រទេសថៃ លោក Surachate Hakparn ជឿជាក់ថា បណ្តឹងចំនួនពីរដែលលោកកំពុង ប្រឈមមុខលើករណីល្បែងស៊ីសង គឺជាផ្នែកមួយនៃការឃុបឃិតគ្នា ដោយប៉ូលិសផ្សេងទៀត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោក។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងរបាយការណ៍លេចធ្លាយ ដែលមិនបានបញ្ជាក់ដែលថា ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិតបានកោះហៅលោក ជុំវិញទំនាក់ទំនងហិរញ្ញវត្ថុរបស់លោក ទៅនឹងករណីល្បែងស៊ីសងនោះ លោក Surachat បាននិយាយថា សកម្មភាពនេះគឺ “មានបំណងបង្ខូចកេរ្តិ៍ឈ្មោះ លោកសម្រាប់រយៈពេលវែង”។

កាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយ៍ឯក ចារ៉ុនគៀត ប៉ាន់កែវ បានដាក់ពាក្យបណ្តឹងទៅការិយាល័យ នៃគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ដោយចោទប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ និងមន្ត្រីក្រោមឱវាទទាំង៧ ពីបទប្រព្រឹត្តល្មើសនឹងមាត្រា ១៥៧ និងមាត្រា ១៤៩ នៃក្រមព្រហ្មទណ្ឌ។ មាត្រា ១៥៧ គឺហាម​មន្ត្រី​មិន​ឲ្យ​ប្រើ​ប្រាស់​ដោយ​មិន​ទៀង​ត្រង់ ឬ​មិន​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន ខណៈ​ពេល​ក្រោយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សូកប៉ាន់។

លោក ចារ៉ុនគៀត ដែលជាស្នងការរង នៃការិយាល័យស៊ើបអង្កេតមជ្ឈិម បាននិយាយថា លោក ស៊ូរ៉ាឆាត មានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុទៅនឹង គេហទំព័រលេងល្បែងអនឡាញ ដែលដំណើរការដោយ ស៊ូឆានុន ស៊ូជីនីនស្រី ដែលត្រូវបានគេស្គាល់ថា ជា “Minnie” ។

លោក ស៊ូរ៉ាឆាត បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​អស់ ប៉ុន្តែ​លោក​បាន​និយាយ​ថា​ លោក​មិន​ដឹង​ថា​មន្ត្រី​ក្រោម​ឱវាទ​របស់​ លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ឬ​យ៉ាង​ណា​ នោះទេ។

លោកក៏បានចោទជាសំណួរថា “មានមន្ត្រីប៉ូលីសជាន់ខ្ពស់ជាច្រើននាក់ នៅក្នុងជួរប៉ូលីសថៃ ដែលរកបានរហូតដល់ ១០០ លានបាតពីគេហទំព័រលេងល្បែងអនឡាញ តាមរយៈគណនីបោកប្រាស់របស់ពួកគេ។ ហេតុអ្វីមិនចាត់វិធានការ? ហេតុ​អ្វី​បាន​ជា​មកតម្រង់​មក​ខ្ញុំ​យ៉ាង​ពិសេស?”

លោក​បាន​ដាស់តឿន​ប៉ូលិស​ផ្សេង​ទៀត “កុំ​ឲ្យ​មាន​ការ​ច្រណែន” ដោយ​និយាយ​ថា ប៉ូលិស​គួរ​តែ​ប្រកួត​ប្រជែង​គ្នា​លើ​ការងារវិញ។

លោក​ក៏​បាន​បង្ហើប​ដែរ​ថា លោក​បាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​ជាង ២០០​នាក់ ក្នុង​នោះ​មាន​ពីរ​នាក់​កំពុង​កាន់​តំណែង​ជា ​ឧត្តមសេនីយ៍​ប៉ូលិស​ជុំវិញ​បញ្ហា​នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top