ព័ត៌មានអន្តរជាតិ

កប៉ាល់ដឹកទំនិញ បុកស្ពាន នៅភាគខាងត្បូងចិន បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់, ម៉ូតូ និងរថយន្ត៥គ្រឿង ធ្លាក់ចូលទឹក

CCTV

បរទេស៖ យ៉ាងហោចណាស់មនុស្ស ៥ នាក់ បានស្លាប់ និង៣ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកប៉ាល់ដឹកជញ្ជូនមួយគ្រឿង បានបុកជាមួយស្ពាននៅភាគខាងត្បូងប្រទេសចិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបំផ្លាញផ្នែកខ្លះនៃផ្លូវ និងធ្វើឱ្យរថយន្តធ្លាក់ចូលទៅក្នុងទឹក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់នោះបានបុកស្ពាន Lixinsha នៅម៉ោងប្រហែល ៥:៣៩ ព្រឹក ។ បើយោងតាមអាជ្ញាធរ ដែលបាននិយាយថាឧបទ្ទវហេតុនេះគឺបណ្តាលមកពី “ប្រតិបត្តិការមិនត្រឹមត្រូវរបស់នាវិក” ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ផ្សាយថា ម្ចាស់​កប៉ាល់​ត្រូវ​បាន​ចាប់​ខ្លួន ​តាំង​ពី​ពេល​នោះ​មក។

ម៉ូតូ​អគ្គីសនី១​គ្រឿង, រថយន្ត​ធុន​តូច​៣​គ្រឿង និង​រថយន្តក្រុង​១​គ្រឿង​ធ្លាក់​ពីលើ​ស្ពាន ។ មន្ត្រី​ក្រុង​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អ្នក​បើក​រថយន្ត​ក្រុង និង​ម៉ូតូ ព្រម​ទាំង​មនុស្ស​បី​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​បាន​ស្លាប់។

យោង​តាម​រដ្ឋបាល​សុវត្ថិភាព​ ដែន​សមុទ្រ​ក្វាងចូវ​បាន​ឲ្យ​ដឹង​ថា នៅពេល​កប៉ាល់​បាន​បុក​ស្ពាន​ គឺកប៉ាល់ពុង​ធ្វើ​ដំណើរ​ពី​ហ្វូសាន​ទៅ​ក្វាងចូវ។

យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានឱ្យដឹងថា ការបាក់ស្ពានដែលឆ្លងកាត់ផ្លូវទឹក Hongqili បានកាត់ផ្តាច់ការ ផ្គត់ផ្គង់ទឹក និងយានជំនិះចូលទៅ កាន់កោះមួយ ដែលមានមនុស្សរស់នៅប្រហែល ៨០០០ នាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top