ហ្គាហ្សាៈ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាសនៅទីក្រុងហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤០នាក់បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា យន្តហោះអ៊ីស្រាអែល បានបើកការវាយឆ្មក់ជាច្រើន ទៅលើផ្ទះលំនៅដ្ឋានមួយចំនួននៅក្នុងទីក្រុង Deir el-Balah ដែលនាំឱ្យមានការបំផ្លិចបំផ្លាញទាំងស្រុង។
ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានកត់សម្គាល់ថាសាកសពជនរងគ្រោះមួយចំនួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ al-Aqsa Martyrs នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រភពសន្តិសុខបានបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល បានប្រញាប់ប្រញាល់ទៅកាន់ទីតាំងនៃការវាយប្រហារ ដើម្បីជួយសង្រ្គោះមនុស្ស បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែល បានធ្វើឱ្យសង្កាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រភពវេជ្ជសាស្ត្របានឲ្យដឹងផងដែរថា មន្ទីរពេទ្យ al-Aqsa Martyrs ឥឡូវនេះ គឺមានមនុស្សជាច្រើនពាន់នាក់រងរបួស ឈឺ និងអ្នកផ្លាស់ទីលំនៅ ដែលជាបញ្ហាប្រឈមដ៏ធំមួយ ប្រសិនបើអ៊ីស្រាអែលបន្ដវាយប្រហារ ៕
ប្រែសម្រួល ឈូក បូរ៉ា