ហាណូយ៖ យោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃសុក្រនេះ ដោយដកស្រង់សម្តី របស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មទីភ្នាក់ងារព័ត៌មាន វៀតណាម ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះថា ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់៦,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ បន្ទាប់ពីបានបង្កើតកំណត់ត្រា ជិត៥,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ។
កាសែតដដែលនេះបានផ្សព្វផ្សាយថា ទស្សនវិស័យនៃការនាំចេញដ៏ច្រើន លើសលប់ត្រូវបានជំរុញដោយតម្រូវការដ៏ធំនៃទីផ្សារប្រទេសចិន ដោយវៀតណាមកំពុងចរចា សម្រាប់ការនាំចេញជាផ្លូវការនូវប្រភេទផ្លែឈើ ជាច្រើនមុខទៀត ។
លោក Dang Phuc Nguyen អគ្គលេខា នៃសមាគមបន្លែ និងផ្លែឈើវៀតណាម បានព្យាករណ៍ថា ការនាំចេញបន្លែ និងផ្លែឈើ នឹងកើនឡើងពី១៥ទៅ២០ភាគរយ នៅក្នុងឆ្នាំ២០២៤នេះ ដើម្បីបង្កើតកំណត់ត្រាខ្ពស់ថ្មីមួយជាមួយនឹងតម្លៃលើសពី៦ ពាន់លានដុល្លារ ឬអាចឈានដល់ទៅ៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
នៅក្នុងខែដំបូងនៃឆ្នាំ២០២៤នេះ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម បានកើនឡើងដល់៥១០លានដុល្លារ ដោយបានកើនឡើង២៤,៩ភាគរយធៀប នឹងខែធ្នូ គឺមាន១១២,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។
គួររំលឹកថា កាលពីឆ្នាំមុន ផ្លែឈើរបស់វៀតណាម ជាច្រើនត្រូវបានគេមើលឃើញថា មានកំណើនគួរឱ្យចាប់អារម្មណ៍ក្នុងការនាំចេញ ក្នុងមានដូចជា ផ្លែទុរេនចំនួន៤៣០,១ ភាគរយដល់២,២ពាន់លានដុល្លារ ផ្លែស្រកានាគមានតម្លៃ៥២៣លានដុល្លារ និងផ្លែខ្នុរ មានតម្លៃ១៦៨លានដុល្លារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា