ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ មតិអវិជ្ជមាន ដែលឃោសនាបំប៉ោងថា “ទុនវិនិយោគ បរទេសដកខ្លួនចេញពីចិន” គឺគ្មានភស្តុតាង ទាល់តែសោះ

គម្រោងវិនិយោគបរទេស គឺជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញវិបុលភាព និង ការអភិវឌ្ឍរួម នៃសេដ្ឋកិច្ចរបស់ចិន និងពិភពលោក ។ កិច្ចប្រជុំគណអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលបើកធ្វើនាពេលថ្មីៗ កន្លងទៅនេះ បានលើកឡើងថា ត្រូវចាត់ទុកលំ នឹងទុនបរទេសជាចំណុចសំខាន់ ក្នុងការធ្វើឱ្យបានល្អ នូវការងារសេដ្ឋកិច្ចនៅឆ្នាំនេះ ហើយនឹងធ្វើការសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយ និងវិធានការស្តីពីការកៀរគរ និងប្រើប្រាស់ទុនបរទេស ឱ្យបានកាន់តែខ្លាំងក្លា ។ តាមទិន្នន័យថ្មីបំផុត នៃរដ្ឋាភិបាលចិន បង្ហាញឱ្យឃើញថា ក្នុងខែមករាឆ្នាំនេះ សហគ្រាសទុនបរទេស ដែលបង្កើតឡើងថ្មី នៅទូទាំងប្រទេសចិន មានចំនួន ៤៥៨៨ សហគ្រាស ក្នុងបរិបទដែលចំនួន សហគ្រាសបន្តកើនឡើងនៅឆ្នាំ២០២៣ វាបានកើនឡើង ៧៤,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំទៅ ។ មិនពិបាកឃើញថា ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោក បានបង្អង់ល្បឿននិងការវិនិយោគ នៅបរទេសជាសកល បានធ្លាក់ចុះ ជាទូទៅក៏ដោយ ក៏ប៉ុន្តែប្រទេសចិន នៅតែជាគោលដៅពេញនិយម សម្រាប់ការបណ្តាក់ទុន របស់សហគ្រាសបរទេសដដែល ។

ចាប់តាំងពីឆ្នាំ ២០១៨ មក ស្ថានភាពវិនិយោគសកល បានបន្តមានភាពថមថយចុះ ។ នៅឆ្នាំ ២០២២ ការវិនិយោគផ្ទាល់នៅបរទេសជាសកលបានធ្លាក់ចុះ ១៣,៨ ភាគរយជាទូទៅ ក្នុងនោះ កម្រិតធ្លាក់ចុះនៃអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ កាន់តែមានភាពខ្លាំងក្លាដែលបានឈានដល់ ១៧,១ ភាគរយ ។ ក្នុងសភាពការណ៍បែបនេះ ការកៀរគរទុនបរទេសរបស់ចិន បាននិងកំពុងរក្សាស្ថិរភាពជាទូទៅដែលបានមកដោយមិនងាយទេ ។ គិតរហូតដល់ខែមករា ឆ្នាំនេះ ពិតមែនតែការកៀរគរទុនបរទេសរបស់ចិន បានធ្លាក់ចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ក៏ដោយ ក៏ប៉ុន្តែវាបានកើនឡើង ២០,៤ ភាគរយបើប្រៀបធៀប នឹងខែមុន ដែលបង្ហាញឱ្យឃើញថា ភាពសកម្ម របស់ការវិនិយោគបរទេស សម្រាប់ប្រកបអាជីវកម្មនៅប្រទេសចិន ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ។ និយាយជារួម ឱកាសអភិវឌ្ឍន៍ដ៏ធំធេង និងសក្តានុពល នៃកំណើន របស់ទីផ្សារចិន គឺ ធ្វើឱ្យក្រុមហ៊ុនឆ្លងប្រទេស មិនអាចបោះបង់ចោលបាន ។

ក្នុងខែមករាឆ្នាំនេះ ការវិនិយោគនៅប្រទេសចិន របស់ប្រទេសអភិវឌ្ឍន៍លោកខាងលិចបានកើនឡើងយ៉ាងខ្លាំង ។ ក្នុងនោះ ប្រទេសបារាំងនិង ស៊ុយអែតបានកើន ឡើង ២៥ ដងនិង១១ ដង ដោយឡែកពីគ្នា ហើយការវិនិយោគ ជាក់ស្តែងរបស់អាល្លឺម៉ង់ អូស្ត្រាលីនិងសិង្ហបុរី នៅប្រទេសចិន បានកើនឡើង ២១១,៨ ភាគរយ ១៨៦,១ ភាគរយ និង ៧៧,១ ភាគរយដោយឡែកពីគ្នា ។ ទង្វើរបស់ប្រទេសទាំងនេះបានបញ្ជាក់ថា មតិអវិជ្ជមាន ដែលប្រព័ន្ធសារព័ត៌មានលោកខាងលិច ឃោសនាបំប៉ោងថា “គម្រោងវិនិយោគបរទេសដកខ្លួនចេញពីចិន” គឺ គ្មានភស្តុតាងទាល់តែសោះ ។

អ៊ីចឹង ហេតុអ្វីបានជាសហគ្រាស ទុនបរទេសបាននាំគ្នាបង្កើន ការវិនិយោគនៅប្រទេសចិន ?

តាមលទ្ធផលនៃការស្ទង់មតិ ដែលប្រកាស ដោយក្រុមហ៊ុន HSBC របស់អង់គ្លេស បានឱ្យដឹងថា សហគ្រាសទុនបរទេស ដែលចូលរួមការ ផ្តល់បទសម្ភាសន៍ចំនួន ៨៧ ភាគរយបានថ្លែងថា ពួកគេនឹងពង្រីកគម្រោង អាជីវកម្មរបស់ខ្លួននៅប្រទេសចិន ។ មូលហេតុគឺរួមមាន ៖ សេដ្ឋកិច្ចចិនបាន និងកំពុងស្តារឡើងវិញ ជាបន្តបន្ទាប់ ឧត្តមភាព នៃទីផ្សារ ដ៏ធំធេងរបស់ចិន និងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅជាដើម ។ សហគ្រាសបរទេស ដែលចូលរួមផ្តល់បទសម្ភាសន៍យល់ឃើញថា ឧត្តមភាពនៃឧស្សាហកម្មកម្មន្ដសាល ទំហំទីផ្សារប្រើប្រាស់ សេដ្ឋកិច្ច ឌីជីថល និងកាលានុវត្តភាពក្នុងវិស័យ អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព នៃប្រទេសចិនសុទ្ធ តែជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញ ឱ្យពួកគេពង្រីកគម្រោងអាជីវកម្ម នៅប្រទេសចិន ។

ការជ្រើសរើសទីផ្សារចិន ធ្វើឱ្យគម្រោងវិនិយោគបរទេស ទទួលបានប្រាក់ចំណេញដ៏ច្រើនលើសលប់ ។ អត្រាទទួលប្រាក់ចំណេញ នៃការវិនិយោគ ផ្ទាល់របស់ពាណិជ្ជករបរទេសនៅប្រទេសចិន ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រហែលជា ៩ ភាគរយ ដែលស្ថិតក្នុងចំណាត់ថ្នាក់ នាំមុខគេលើពិភពលោក ។

របាយការណ៍ថ្មីបំផុត ដែលប្រកាសដោយក្រុមប្រឹក្សាចិន សម្រាប់ការជំរុញពាណិជ្ជកម្ម អន្តរជាតិបានបង្ហាញថា សហគ្រាសទុនបរទេស ដែលចូលរួមការផ្តល់បទសម្ភាសន៍ ចំនួនជិត ៧០ ភាគរយមានសុទិដ្ឋិនិយម ចំពោះសភាពការណ៍ទីផ្សាររបស់ចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ចំណែកសហគ្រាសទុនបរទេសដែលចូលរួមផ្តល់បទសម្ភាសន៍ចំនួនលើសពី ៩០ ភាគរយ ប៉ាន់ប្រមាណថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ អត្រាប្រាក់ចំណេញ នៃគម្រោងវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬមានការកើនឡើង ។ អ្នកវិភាគបានលើកឡើងថា ទន្ទឹមនឹងគោលនយោបាយ ពាក់ព័ន្ធរបស់ប្រទេសចិនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ទំហំកៀរគរទុនបរទេស និងអនុបាតសកល នៅពេលអនាគតក៏នឹងកាន់តែប្រសើរឡើងដែរ ដែលពង្រឹងបន្ថែមទៀតនូវជំនឿចិត្ត របស់ទុនបរទេសក្នុងការបន្តធ្វើអាជីវកម្ម រយៈពេលយូរនៅប្រទេសចិន ៕

To Top