គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា សហគ្រាសអ៊ុយក្រែនជាង ៩០ភាគរយ បានដំណើរការឡើងវិញ ទោះបីជានៅមានជម្លោះជាមួយរុស្ស៊ីក៏ដោយ។
លោក Shmyhal បានឲ្យដឹងនៅក្នុងវេទិកាធុរកិច្ចដែលមានប្រធានបទ “Made in Ukraine” នៅរដ្ឋធានីគៀវ ថា “ថ្ងៃនេះ សហគ្រាសអ៊ុយក្រែនជាង ៩០ ភាគរយបានបន្តការងាររបស់ពួកគេ ហើយកំពុងត្រឡប់ទៅរកសមត្ថភាពមុនសង្រ្គាមរបស់ពួកគេ” ។
លោកបានលើកឡើងថា វិស័យដូចជាសំណង់ កសិកម្ម ពាណិជ្ជកម្មក្នុងស្រុក និងឧស្សាហកម្មកែច្នៃ បានឃើញល្បឿននៃការងើបឡើងវិញលឿនបំផុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កត្តាចំបងដែលជួយរក្សាអាជីវកម្មអ៊ុយក្រែននៅចំពេលមានជម្លោះគឺការសម្របខ្លួន ការគ្រប់គ្រងវិបត្តិ និងកម្មវិធីគាំទ្ររដ្ឋ នេះបើយោងតាមការលើកឡើងលោក Shmyhal ។
គិតត្រឹមខែតុលា ឆ្នាំ២០២៣ សហគ្រាសប្រហែល ៨៤០ នៅអ៊ុយក្រែនត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ ដែលមានសុវត្ថិភាពជាងគេ នៅក្នុងប្រទេសក្នុងគ្រាដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។
យោងតាមធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែន ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ៥ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីការធ្លាក់ចុះ ២៩,២ ភាគរយក្នុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា