ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Margus Tsahkna បានឲ្យដឹងថា ប្រទេសរុស្ស៊ី អាចស្តារសមត្ថភាពយោធារបស់ខ្លួនឡើងវិញនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះនៅក្នុង “ការសាកល្បង” សម្រាប់ការការពាររួមរបស់ណាតូ។
អតីតរដ្ឋមន្ត្រីការពារជាតិម្នាក់ លោក Tsahkna បានឲ្យដឹងថា ចន្លោះឆ្នាំ២០១៥ និង ២០១៧ អេស្តូនីបានឃើញទាហានរុស្ស៊ីជិត ១២ម៉ឺននាក់នៅជិតព្រំដែនរបស់ខ្លួន ដែលមានសមត្ថភាពអាចបើកការវាយប្រហារក្នុងរយៈពេល ៤៨ម៉ោង។
លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតក្យូដូជប៉ុន មុនពេលលោកគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នៅដើមខែមីនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកបានបន្ថែមថា ខណៈដែលរុស្ស៊ី បានប្រមូលផ្តុំធនធានវាយលុករបស់ខ្លួនលើការឈ្លានពានអ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទីក្រុង គៀវ ឥឡូវនេះបានប្រយុទ្ធ “មិនត្រឹមតែ ដើម្បីសេរីភាពរបស់យើងទាំងអស់គ្នា និងលទ្ធិប្រជាធិបតេយ្យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនួសពួកយើងផងដែរ” ។
ថ្លែងក្នុងថ្ងៃតែមួយ ខណៈដែលប្រទេសហុងគ្រីបានក្លាយជារដ្ឋសមាជិកណាតូ ចុងក្រោយដើម្បីអនុម័តការដេញថ្លៃរបស់ស៊ុយអែត ដើម្បីចូលរួមសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក រដ្ឋមន្ត្រីការបរទេសបានឲ្យដឹងថា ការចូលជាសមាជិកស៊ុយអែតនឹងធ្វើឱ្យសមុទ្របាល់ទិកស្រដៀងទៅនឹងបឹងខាងក្នុង របស់ណាតូ។
លោកចង់សំដៅទៅលើការពិតដែលថា នៅពេលដែលស៊ុយអែត ចូលជាសមាជិកណាតូជាផ្លូវការ សមុទ្របាល់ទិកនឹងមានព្រំប្រទល់ស្ទើរតែទាំងស្រុងដោយប្រទេសជាសមាជិក លើកលែងតែប្រទេសរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា