ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដើម្បីដោះស្រាយការគំរាមកំហែង នៅសមុទ្រក្រហម

រូបភាពពី៖​ MfaEgypt

គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីដោះស្រាយភាពតានតឹងនៅសមុទ្រក្រហមក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ។

ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីទាំងពីរបានជួបគ្នានៅខាងក្រៅផ្នែកកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនោះលោក Shoukry បានសម្តែងការព្រួយបារម្ភ ចំពោះការរីករាលដាលនៃភាពតានតឹងផ្នែកយោធានៅក្នុងតំបន់សមុទ្រក្រហមភាគខាងត្បូង ដែលបង្កការគំរាមកំហែង ដែលមិនធ្លាប់មានពីមុនមក ចំពោះផ្លូវនាវាចរណ៍អន្តរជាតិដ៏សំខាន់បំផុតមួយ។

ដោយកត់សម្គាល់ការគំរាមកំហែងបែបនេះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជាច្រើនរួមទាំងអេហ្ស៊ីបផងដែរ អ្នកការទូតកំពូលអេហ្ស៊ីបបានអះអាងពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីគាំទ្រស្ថិរភាព និងសន្តិភាព និងទប់ស្កាត់ភាពតានតឹងនៅក្នុងតំបន់នេះ។

ព្រែក Suez របស់ប្រទេសអេហ្ស៊ីប ដែលធ្លាប់គ្រប់គ្រងពាណិជ្ជកម្មពិភពលោកចំនួន ១២ភាគរយ បានទទួលរងនូវការធ្លាក់ចុះនៃប្រាក់ចំណូលពី ៤០-៥០ភាករយ ចាប់តាំងពីការផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សាស្រ្ទីប និងភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រក្រហម៕ ប្រែសម្រួល ឈូក បូរ៉ា

To Top