ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ព្រមានពីសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើលោកខាងលិច បញ្ជូនកងទ័ពចូលអ៊ុយក្រែន

AFP

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានព្រមាន បណ្តាប្រទេសលោកខាងលិចថា ពួកគេប្រថុយនឹងការចាប់ផ្តើមសង្រ្គាមនុយក្លេអ៊ែរ ប្រសិនបើប្រទេសលោកខាងលិចទាំងនោះ បញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយនិយាយថា រុស្ស៊ីមានអាវុធសម្រាប់វាយប្រហារ គោលដៅនៅលោកខាងលិច។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោក, មេដឹកនាំរុស្ស៊ីបាននិយាយថា ប្រទេសលោកខាងលិច “ត្រូវតែដឹងថា យើងក៏មានអាវុធដែលអាចវាយប្រហារ គោលដៅនៅលើទឹកដីរបស់ពួកគេផងដែរ។ ទាំងអស់នេះពិតជាគំរាមកំហែង ដល់ជម្លោះជាមួយនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការបំផ្លិចបំផ្លាញនៃអរិយធម៌។ តើពួកគេមិនយល់ ឬ មិនដឹងមែនទេ?

ទោះបីជាសម្ព័ន្ធមិត្តលោកខាងលិច របស់អ៊ុយក្រែនបានបញ្ជូនគ្រាប់បែក យ៉ាងសន្ធឹកសន្ធាប់ទៅកាន់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ីឆ្នាំ២០២២ ក៏ដោយ ក៏គ្មាននរណាម្នាក់បាននិយាយថា ខ្លួននឹងបញ្ជូនកងទ័ពទៅប្រយុទ្ធ ជាមួយកងកម្លាំងអ៊ុយក្រែនឡើយ។

យ៉ាងណាក៏ដោយ នៅដើមសប្តាហ៍នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ខណៈពេលដែលមិនមានផែនការ ក្នុងការបញ្ជូនទាហានលោកខាងលិច ទៅប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែ លទ្ធភាពនៅតែមាន។

លោក Macron បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “មិនមានការឯកភាពគ្នានៅថ្ងៃនេះក្នុងការបញ្ជូនជាផ្លូវការ លក្ខណៈដែលគាំទ្រ កងទ័ពនៅលើដី។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃថាមវន្ត គ្មានអ្វីអាចត្រូវបានបដិសេធ” នោះទេ។

មេដឹកនាំ​អឺរ៉ុប​ជាច្រើន​បាន​ច្រាន​ចោល សំណើ​បញ្ជូនទ័ព​របស់​លោក Macron ដូច​សហរដ្ឋអាមេរិក​ដែរ។ អ៊ុយក្រែនមិនមែនជាសមាជិកនៃអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់ របស់លោកខាងលិចទេ ដូច្នេះហើយសម្ព័ន្ធមិត្តលោកខាងលិច របស់ទីក្រុងគៀវ មិនមានកាតព្វកិច្ចដើម្បីការពារអ៊ុយក្រែនឡើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top