ព័ត៌មានអន្តរជាតិ

យូអិន ព្រមាន​ពី​ហានិភ័យ​កើនឡើង​ នៃ​ភាពអត់ឃ្លាន​ នៅ​តំបន់ហ្គាហ្សា ដោយ​ជំរុញ ​ឱ្យ​បញ្ចប់​ជម្លោះជាបន្ទាន់

Xinhua

ហ្សឺណែវៈ ទីភ្នាក់ងារ និងមន្ត្រីរបស់អង្គការសហប្រជាជាតិ បានព្រមានអំពីការកើនឡើងហានិភ័យនៃភាពអត់ឃ្លាន ការអស់សង្ឃឹម និងបញ្ហាសង្គមនៅក្នុងតំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម។

ពួកគេក៏បានថ្កោលទោស ចំពោះការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន ដែលស្វែងរកជំនួយ និងជំរុញឱ្យបញ្ចប់ជម្លោះជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីតំបន់ហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ដោយថា ប្រធានអង្គការសហប្រជាជាតិមានការរន្ធត់ចិត្ត ចំពោះចំនួនមនុស្សដ៏គួរឱ្យសោកសៅនៃជម្លោះនៅតំបន់ហ្គាហ្សា។

ប្រភពបានឲ្យដឹងថា “លោកអគ្គលេខាធិការថ្កោលទោស ឧប្បត្តិហេតុនៅថ្ងៃនេះ នៅភាគខាងជើងហ្គាហ្សា ដែលក្នុងនោះមនុស្សជាង ១០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ឬរងរបួស ខណៈពេលដែលកំពុងស្វែង រកជំនួយសង្គ្រោះជីវិត។

ជនស៊ីវិលដែលអស់សង្ឃឹមនៅតំបន់ហ្គាហ្សា ត្រូវការជំនួយជាបន្ទាន់ រួមទាំងអ្នកនៅភាគខាងជើង ដែលត្រូវបានឡោមព័ទ្ធ ដែលអង្គការសហប្រជាជាតិ មិនអាចផ្តល់ជំនួយក្នុងរយៈពេលជាងមួយសប្តាហ៍។

កងទ័ពអ៊ីស្រាអែល បានបាញ់ប្រហារ ទៅលើហ្វូងមនុស្ស ដែលកំពុងរង់ចាំជំនួយមនុស្សធម៌នៅជិតទីក្រុងហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០៤នាក់។

នៅថ្ងៃដដែល ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៣០,០០០នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៊ីស្រាអែល បាន ចាប់ផ្តើមការវាយលុកប្រឆាំង នឹងក្រុមហាម៉ាស កាលពីខែតុលាឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top