ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មនឹង មិនដំណើរការលើការដោះស្រាយវិបត្តិ នោះទេ

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីលោក Juraj Blanar បានឲ្យដឹងថា ប្រទេសរបស់លោកប្រឆាំងនឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ហើយនឹងមិនបញ្ជូនអាវុធ ឬកងទ័ពណាមួយទៅអ៊ុយក្រែនដើម្បីពង្រីកជម្លោះនោះទេ។

លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov នៅខាងក្រៅវេទិកាការទូត Antalya ដែលធ្វើឡើងនៅទីក្រុងភាគខាងត្បូងតួកគីថា “ទណ្ឌកម្មធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបច្រើនជាងសេដ្ឋកិច្ចរុស្ស៊ី” ។

លោក​បាន​កត់​សម្គាល់​ថា “យើង​នឹង​មិន​គាំទ្រ​ទណ្ឌកម្ម​ផ្សេង​ទៀត​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្លូវ៉ាគី​ជាង​រុស្ស៊ី​នោះ​ទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Blanar បានលើកឡើងថា “ក្នុងនាមជារដ្ឋាភិបាលថ្មីរបស់ស្លូវ៉ាគី យើងនឹងមិនប្រគល់អាវុធណាមួយពីឃ្លាំងរបស់កងកម្លាំងស្លូវ៉ាគីទៅអ៊ុយក្រែននោះទេ” ដោយកត់សម្គាល់ថា រដ្ឋាភិបាលរបស់លោក បានបញ្ឈប់ការបញ្ជូនកញ្ចប់អាវុធ ដែលមានតម្លៃប្រហែល ៤០លានអឺរ៉ូទៅអ៊ុយក្រែន។

លោកបានប្រាប់អ្នកយកព័ត៌មានថា “ជំហររបស់យើងឥឡូវនេះកាន់តែច្បាស់ជាងពេលមុន ដោយសារព្រំដែនមិនផ្លាស់ទី ហើយយើងកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណើរការចរចាសន្តិភាព ដែលជាដំណោះស្រាយតែមួយគត់នៃវិបត្តិនេះ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top