ហ្គាហ្សា៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ខណៈពេលដែលពួកគេកំពុងរង់ចាំ ជំនួយនៅទីក្រុងហ្គាហ្សា។
ប្រភពសន្តិសុខ និងពេទ្យប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា កងកម្លាំងអ៊ីស្រាអែលបានបើកការ បាញ់ប្រហារទៅលើប្រជាជន នៅរង្វង់មូលគុយវ៉ែត ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា ខណៈពេលដែលពួកគេកំពុងរង់ចាំរថយន្តជំនួយ។
កាលពីព្រឹកថ្ងៃអាទិត្យ យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្តធុនតូច ដឹកជំនួយមនុស្សធម៌នៅ Deir al-Balah នៅភាគកណ្តាលហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ នេះបើយោងតាមទូរទស្សន៍រដ្ឋប៉ាឡេស្ទីន។
មិនមានការអត្ថាធិប្បាយភ្លាមៗ ពីអ៊ីស្រាអែលអំពីឧប្បត្តិហេតុនេះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា