ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ជាក់ថា កប៉ាល់ដឹកទំនិញ របស់អង់គ្លេស លិចនៅសមុទ្រ Aden ក្រោយការវាយប្រហារ របស់ក្រុមឧទ្ទាមហួធី

AFP

បរទេស៖ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់ថា កប៉ាល់ ដឹកទំនិញមួយគ្រឿង ដែលត្រូវបានវាយប្រហារ ដោយចលនាឧទ្ទាម Ansar Allah របស់យេម៉ែន ដែលត្រូវបានគេស្គាល់ថា ជាក្រុមឧទ្ទាម ហួធី គឺបានលិចកាលពីថ្ងៃទី១៨ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា CENTCOM បាននិយាយថា កប៉ាល់នេះបានដឹកជីអាម៉ូញ៉ូមផូស្វាត ស៊ុលហ្វាតប្រហែល ២១.០០០ តោន ដែលបច្ចុប្បន្ននេះ “បង្ហាញពីហានិភ័យបរិស្ថាននៅក្នុងសមុទ្រក្រហម” ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ អ្នកនាំពាក្យយោធាហួធី លោក Yahya Saree បាននិយាយថា កងកម្លាំងចលនាបានវាយប្រហារលើនាវាដឹកទំនិញ Rubymar ដែលគ្រប់គ្រងដោយចក្រភពអង់គ្លេសនៅឈូងសមុទ្រ Aden ។ សារព័ត៌មាន Sky News Arabia បានរាយការណ៍ដោយដកស្រង់ប្រភពថា កប៉ាល់ដឹកទំនិញនេះ បានលិច។

ចលនា Ansar Allah របស់ប្រទេសយេម៉ែន ដែលត្រូវបានគេស្គាល់ថា ជាក្រុមឧទ្ទាមហួធី បានប្តេជ្ញាក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីវាយប្រហារលើនាវា ទាំងឡាយណា ដែលមានទំនាក់ទំនង ជាមួយអ៊ីស្រាអែល រហូតដល់អ៊ីស្រាអែលបញ្ឈប់សកម្មភាពយោធា នៅតំបន់ហ្គាហ្សាស្ទ្រីប ។ ប្រការនេះ បាននាំឱ្យសហរដ្ឋអាមេរិក ប្រកាសពីការបង្កើត ប្រតិបត្តិការចម្រុះជាតិសាសន៍ ដើម្បីធានាសុវត្ថិភាព នាវាចរណ៍នៅក្នុងសមុទ្រក្រហម។ កងកម្លាំងរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្រោយមកបានចាប់ផ្តើមការវាយប្រហារធំៗ ប្រឆាំងនឹងទីតាំងរបស់ក្រុមឧទ្ទាមហួធី ក្នុងគោលបំណងដើម្បីធ្វើឱ្យខូច សមត្ថភាពរបស់ក្រុមឧទ្ទាម ក្នុងគោលដៅកំណត់នាវាពាណិជ្ជកម្ម៕
ប្រែសម្រួលៈ ណៃ តុលា

To Top