ខ្សែភាពយន្តខ្លីស្តីពី« គំនិតថ្មីក្នុងសៀវភៅបុរាណ» ដែលមាន៥វគ្គ ដោយផ្តល់អត្ថន័យតាមរយៈកិច្ចសន្ទនារបស់លោក Mohiar Ghovati ជាមួយបញ្ញវន្ត និងអ្នកជំនាញផ្នែក អរិយធម៌របស់ប្រទេសចិន នៅក្នុងទីតាំងចំនួន៥គឺខេត្តShandong ខេត្តGuangdong ខេត្តShaanxi ខេត្តZhejiang និងរដ្ឋធានីBeijing ។ ខ្សែភាពយន្តនេះបានបកប្រែជាខេមរភាសា និងបានផ្សព្វផ្សាយ នៅលើគេហទំព័រFacebookរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន (https://www.facebook.com/watch/100064633423866/24527543446894002 ) ពិតជាទាក់ទាញអារម្មណ៍របស់ខ្ញុំយល់យ៉ាងច្បាស់ពីគុណតម្លៃមហាសាលនៃអរិយធម៌ជាង៥០០០ឆ្នាំរបស់ប្រទេសចិនដែលបង្កប់នូវគោលគំនិត៥យ៉ាងគឺ ទី១-ការផ្ទេរមរតកដោយឥត ដាច់ទៅកាន់ជំនាន់ក្រោយៗ បន្តទៀត ទី២-នវានុវត្តដើម្បីវឌ្ឍនភាព នៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ស្របតាមសម័យកាល ទី៣ -ឯកភាពរួមនៃអរិយធម៌ របស់ប្រជាជាតិចិនទាំងមូល ទី៤-បរិយាបន្នប្រកដោយភាព បើកចំហដែលជាចលករ នៃសន្តិភាពវប្បធម៌ និងទី៥-កិច្ចសម្របសម្រួលដើម្បីភាពរឹងមាំ នៃសុខដុមនីយកម្មនិងសន្តិភាព ដោយផ្តោតជាមូលដ្ឋានលើទស្សនវិជ្ជារបស់ខុងជឺ ដែលបានផ្តល់នូវមូលដ្ឋាន គ្រឹះដ៏រឹងមាំដល់អភិបាលកិច្ចសកល ។ ទស្សនកិច្ចដែលបានទស្សនា ខ្សែភាពយន្តខ្លីទាំង៥ នេះហាក់ដូចជាមិនដាច់អាល័យ និងកំពុងរង់ចាំ ដោយទន្ទឹង ពីខ្សែភាពយន្តជាច្រើនទៀត ស្របជាមួយនឹង ប្រវត្តិសាស្រ្ត ជាង៥០០០ឆ្នាំនៃអរិយធម៌ចិន។
ចាប់តាំងពីវគ្គទី១ ដែលមានចំណងជើងថា «លក្ខណៈបន្តនិង មាគ៌ាអភិវឌ្ឍន៍នៃអរិយធម៌» រហូតដល់វគ្គទី៥ ស្តីពី «ហ្សែនសន្តិភាព» ដោយវគ្គនីមួយៗបង្ហាញអត្ថន័យរួម ដោយផ្តល់តម្លៃមហាសាល ពីការគូសបញ្ជាក់ថា អរិយធម៌ចិនមិនត្រឹមតែជាកម្មសិទ្ធិ របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំង ជារបស់មនុស្សជាតិ នៅទូទាំងពិភពលោក ទាំងមូលទៀតផង ។ រយៈពេលជាង៥០០០ឆ្នាំ មកនេះ ប្រជាជាតិចិន យល់ច្បាស់ថា ក្រៅពីការជះឥទ្ធិលពល របស់អរិយធ៌ចិន ទៅរួមបញ្ចូល ជាមួយអរិយធម៌បរទេសនានា ក៏មានចំណែក ដែលអរិយធម៌ចិន បានរៀនសូត្រ និងបាននាំយកអរិយធម៌បរទេស មករួមបញ្ចូលប្រកបដោយ បរិយាបន្ននៅក្នុងសង្គមចិនផងដែរ លើសពីនេះអរិយធម៌ចិន បានខិតខំរួមជាមួយអរិយធម៌នានា ក្នុងចរន្តនៃអរិយធម៌សកល ដើម្បីឈានឆ្ពោះ ទៅកាន់អនាគតរួមគ្នា។ ខ្ញុំបានកត់សម្គាល់ ឃើញថា អរិយធម៌ចិន បានផ្លាស់ប្តូរប្រកប ដោយនវានុវត្តភាព នៅក្នុងមរតកវប្បធម៌ ដើមហើយព្យាយាមផ្តល់ សុខដុមនីយកម្ម នៃសន្តិភាពវប្បធម៌ដល់មនុស្សជាតិ ជាក់ស្តែងដូចជាឧបករណ៍ទ្រខ្សែពីរ (Erhu) ជាឧទាហរណ៍ នៃបរិយាបន្នពីអរិយធម៌ចិននិងបរទេស ដែលផ្តល់គុណតម្លៃ ពីស្មារតីផ្លូវសូត្របុរាណ និងគោលនយោបាយ ការទូត តាមបែបផែនចិន ដែលបានផ្តល់នូវទម្រដ៏រឹងមាំ នៃសន្តិសុខសកល និងអភិបាលកិច្ចសកល។
ជាសច្ចភាព អរិយធម៌ចិនបានខិតខំពង្រីកនិង ពន្លាតអត្ថន័យ នៃការរួបរួមនៃអរិយធម៌ចិន ជាង៥០០០ឆ្នាំ ដែលតែងនាំមកនូវសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ ព្រមទាំងសុខដុមនីយកម្មរវាងមនុស្សនិងមនុស្ស ហើយក៏ជាទស្សនវិស័យ ប្រកបដោយត្រីវិស័យវិទ្យាសាស្រ្ត ដែលផ្តល់នូវតម្រាយមាគ៌ាសម្រាប់ការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដល់មនុស្សជាតិ ស្របនឹងគំនិតផ្តួចផ្តើម អរិយធម៌សកលដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីខែមីនា ឆ្នាំ២០២៣ដោយបាន បង្ហាញនូវគំនិត «រួមគ្នាផ្តួចផ្តើម» ចំនួនបួនគឺ ១-ការគោរពភាពចម្រុះ នៃអរិយធម៌ ពិភពលោក ២-ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការ បន្តវេននិងនវានុវត្តន៍លើអរិយធម៌ និង៤-ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរមនុស្សជាតិអន្តរជាតិ។ ភាពចម្រុះពណ៌នៃវប្បធម៌ដែលជនជាតិចិន មានគំនិតសន្តិភាព និយម និងបង្កើនរង្វង់កិច្ចសហប្រតិបត្តិការ ពហុភាគីនិយមលើវិស័យវប្បធម៌ បានក្លាយជាបច្ច័យយ៉ាងល្អ ដល់ការកសាងសន្តិភាពសកល។
ច្បាស់ណាស់ដែលថា បើទោះបីជាខ្សែភាពយន្តខ្លីទាំង៥ វគ្គនេះបានបង្កប់ អត្ថន័យដាច់ដោយឡែកពីគ្នា ស្តីពីលក្ខណៈពិសេស នៃអរិយធម៌ចិន យ៉ាងណា ក៏ដោយ ក៏ខ្សែភាពយន្តទាំងនេះបានបង្ហាញ នូវចក្ខុវិស័យរួម របស់មនុស្សជាតិ នោះគឺសន្តិភាព និងការបង្ហាញនូវមាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍជាតិរៀងៗខ្លួន ដោយបញ្ចូលខ្លឹមសារនៃកិច្ចសន្ទនា ប្រកបដោយអត្ថន័យទាំងទស្សនវិជ្ជា ទាំងប្រវត្តិសាស្រ្ត រវាងអរិយធម៌បូព៌ា និងអរិយបស្ចិម ដោយបានពន្លាតនូវ គតិបណ្ឌិត ដ៏ច្រើនរបស់អរិយធម៌បូព៌ា ដែលរំលេចពីសុខដុមនីយកម្ម ជាមួយអរិយធម៌បស្ចិម ដើម្បីបន្តដំណើររួមគ្នាបង្កើតបាននូវសហគមន៍ដែលមានជោគវាសនារួមជាមួយគ្នា បង្កើតបានបរិយាកាសនៃការថែរក្សា សុខសន្តិភាព សម្រាប់មនុស្សជាតិ ។ សុខដុមនីយកម្មនេះបង្ហាញពីការ គោរពយ៉ាងខ្ជាប់ខ្ជួនពីការគោរព អធិបតេយ្យភាព បូរណភាពដែនដី ឯករាជ្យភាពគ្នា ទៅវិញទៅមក ដូចជាសេចក្តី គោរពចំពោះ «គោលការណ៍ចិនតែមួយ» ដែលរួមបញ្ចូលជនជាតិចិន ដែលរស់នៅតៃវ៉ាន់ផងដែរ។ ខ្ញុំបានដក់ចិត្តខ្លាំង នៃខ្សែភាពយន្តវគ្គទី៣ ស្តីពី«ប្រជាជាតិ មិនអាចត្រូវ បំបែកបំបាក់ អរិយធម៌មិនអាចត្រូវកាត់ផ្តាច់» ដោយបានរំលេច ពីកំណត់ត្រា នាសតវត្សរ៍ទី៣ស្តីពី«ទឹកនិងដីក្នុងតំបន់Linhai» បានគូសបញ្ជាក់ពីដែនដីកោះតៃវ៉ាន់ ស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ប្រទេសចិន តាំងពីបុរាណកាលមក ៕ ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិក គណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន